ព័ត៌មានទាន់ហេតុការណ៍៖

សារព័ត៌មាន​កម្ពុជាធំៗ​ចំនួន​​ ៦អង្គភាព​ ​ចូលរួមក្នុងកម្មវិធី “The 2023 International Media Trip to Guangxi” ខេត្តក្វាងស៊ី​ ប្រទេសចិន​

ចែករំលែក៖

ភ្នំពេញ៖ លោក ជួន ចាន់ភារុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃចន្ទទី២៣​ ខែតុលា​ ឆ្នាំ២០២៣នេះ​ បានដឹកនាំគណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជា​  ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍“The 2023 International Media Trip to Guangxi” ចាប់ពី ថ្ងៃទី២៣-៣០ ខែតុលា ឆ្នាំ២០២៣​ ទៅកាន់ទីក្រុងណាននីង (Nanning)​ ខេត្ត Guangxi ប្រទេសចិន ។

លោក ជួន ចាន់ភារុណ​ បានយល់ឃើញថា ប្រព័ន្ធផ្សព្វផ្សាយអាស៊ាន និងចិន ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រជាជនចិន ហើយលោកសង្ឃឹមថាដំណើរទៅកាន់ខេត្តក្វាងស៊ីលើកនេះ នឹងពង្រឹងទំនាក់ទំនងរវាងប្រព័ន្ធផ្សព្វផ្សាយធំៗរបស់កម្ពុជា ជាមួយនឹងក្វាងស៊ី និងស្ថាបន័ព័ត៌មានប្រទេសអាស៊ានដទៃទៀត ។

តាមរយៈដំណើរទស្សនកិច្ចទៅកាន់ខេត្តក្វាងស៊ីលើកនេះ លោក​ រំពឹង​ថា​ នឹងបានរៀនសូត្រពីបទពិសោធន៍នៃការអភិវឌ្ឍន៍របស់ខេត្តក្វាងស៊ី ហើយនឹងឆ្លៀតយកឱកាសនេះផងដែរ ដើម្បីផ្សព្វផ្សាយឱ្យប្រព័ន្ធផ្សព្វផ្សាយពីប្រទេសចិន និងអាស៊ាន ឱ្យកាន់តែចាប់អារម្មណ៌មកលើប្រទេសកម្ពុជា ក្នុង​គោល​បំណងដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចិន​ ​និងពីបណ្តារប្រទេសអាស៊ានមកទស្សនាប្រទេស​កម្ពុជា។

សូមជម្រាបជូនថា​ អមដំណើរលោកអគ្គនាយករង Xuan Zhanpilun ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តក្វាងស៊ី រួមមាន៖​ លោក​ សារ៉ាយ ច័ន្ទតារា និពន្ធនាយក​មជ្ឈមណ្ឌល​សារព័ត៌មាននគរវត្ត​ ,លោក​ ផ្លុង​ វិចិត្រ​ ស្ថាបនិក​ និងអគ្គនាយកនៃសារព័ត៌មាន«The Cambodia China Times»(ហៅកាត់ស៊ីស៊ីថាមស) ; លោក​ វ៉ាន់ សារាយ និពន្ធនាយករងសារព័ត៌មាន​ Fresh News ;លោក ជីព ចិត្ត និពន្ធនាយក Sabay Digital Plus ;លោក​ មៃ សុខលីម​ និពន្ធនាយកកម្ពុជាថ្មី​ ; លោកស្រី ឈ យូរលី អគ្គនិពន្ធនាយករងអង្គភាពព័ត៌មាន«The Cambodia China Times»និងអង្គភាពព័ត៌មានThe Commercial News ;លោក ផាត់ ច័ន្ទណា ប្រធានផ្នែកវីដេអូអង្គភាពព័ត៌មាន«The Cambodia China Times» ព្រមទាំងលោក Yang Qiang ប្រធានសាខា ទីភ្នាក់ងារព័ត៌មាន​ China News Service ប្រចាំប្រទេសកម្ពុជាផងដែរ។

គួរបញ្ជាក់ថា​ ព្រឹត្តិការណ៍”2023 Foreign Media Views Guangxi” នឹងប្រារព្ធឡើងនៅខេត្តក្វាងស៊ីប្រទេសចិន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ៣០ ខែតុលា កម្មវិធីនេះរៀបចំដោយនាយកដ្ឋានឃោសនានៃគណៈកម្មាធិការតំបន់ស្វយ័តខេត្តក្វាងស៊ី  និងទីភ្នាក់ងារព័ត៌មាន​ China News Service ប្រចាំងខេត្តក្វាងស៊ី ។ ក្រៅពីតំសារព័ត៌មានល្បីពី​ប្រទេសកម្ពុជា ​ក៏មាន​តំណាង​សារព័ត៌មាន​ជាច្រើនផ្សេងទៀត​មកពី​បណ្តា​ប្រទេស​អាស៊ាន​ផងដែរ៕

ដោយ៖ ស​ តារា


ចែករំលែក៖