ព័ត៌មានទាន់ហេតុការណ៍៖

ដើមចាមរី១ដើមធំត្រូវខ្យល់កន្រ្តាក់បោកបក់ដួលសង្កត់របងសាលាបឋមសិក្សាទួលគោកបាក់រនាំងដែក២ផ្ទាំង

ចែករំលែក៖

ភ្នំពេញ៖ ដើមចាមរីមួយដើមធំទំនងជាពុកផុយឬសកែវបានដួលរលំបន្ទាប់ពី ភ្លៀងបានបង្អុរធ្លាក់និងមានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ដោយសង្កត់ទៅលើរបងសាលាទួលគោកបណ្តាលអោយបាក់រនាំងដែកចំនួន២ផ្ទាំងនិងខូចខាតផ្លួវផងដែរ។ ទោះបីជាយ៉ាងណាហេតុការណ៍នេះពុំបណ្តាលអោយរងការខូចខាតយានយន្ត និងបង្កអោយមនុស្សរងគ្រោះថ្នាក់នោះឡើយ។

    ដើមចាមរីនោះមានទំហំប្រមាណជិត២ឱប ស្ថិតនៅក្បែរចិញ្ចើមផ្លូវជាប់របងសាលាបឋមសិក្សាទួលគោក តាមបណ្តោយផ្លូវលេខ ៥៦៦ កែងផ្លូវលេខ២៩១ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

  តាមប្រជាពលរដ្ឋលក់ដូរនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា  នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ នៅវេលាម៉ោងប្រមាណជាង៨ទៅ៩ព្រឹកភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំងនៅតាមបណ្តាខណ្ឌនានា។  បន្ទាប់ពីភ្លៀងបានរាំងនៅវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹកមានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងបណ្តាលអោយដើមចាមរីមួយដើមខាងលើនេះបានដួលរលំរលើងទាំង

ឬសប្រេះបែកផ្លូវ ហើយបានសង្កត់ទៅលើ របងសាលាបឋមសិក្សាបណ្តាលឱ្យបាក់រនាំងដែករបងចំនួន២ផ្ទាំង។

    តាមប្រជាពលរដ្ឋរស់នៅតំបន់នោះបានអោយដឹងទៀតថា ដើមចាមរីនោះត្រូវបានគេដាំលើលូជាប់របងកាលពីអំឡុងឆ្នាំ ១៩៩០ ដែលមានអាយុកាលប្រមាណជាង៣០ឆ្នាំមកហើយ ដោយមានមែកសាខានិងដោយសារតែវាពុកផុយឫសកែវ  និងម្យ៉ាងទៀតបន្ទាប់ពីភ្លៀង ទឹកហូរច្រោះតាមលូនិងមានខ្យល់បោកបក់ទៀត ជាហេតុបណ្តាលអោយវាដួលរលំតែម្តង។ បន្ទាប់ពីដួលរលំអាជ្ញាធរ និងគណៈកម្មការសាលារៀនទួលគោកក៏បានចាត់ចែងកាប់និងអារយកចេញពីផ្លូវ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖