ខេត្តកំពង់ចាម ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ បងប្អូនកម្មករ និយោជិត ក្នុងខេត្តកំពង់ចាម ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចធ្វើជានាយករដ្ឋមន្ត្រី។
ការថ្លែងអំណរគុណនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសសម្តេចធិបតី អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជាង ១២.០៦០ នាក់ ស្ថិតក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម នៅខេត្តកំពង់ចាម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ប្រជាពលរដ្ឋខេត្តកំពង់ចាមប្រមាណ ៥៥ម៉ឺននាក់ បានចេញទៅបោះឆ្នោត ហើយក្នុងនោះជាង ៤១ម៉ឺននាក់ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលបញ្ជាក់ថា បងប្អូនសប្បាយចិត្តបោះឆ្នោតគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិ និងដើម្បីថែរក្សាសុខសន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ មានប្រជាពលរដ្ឋចំនួនជាង ៨លាន ២សែននាក់បានចេញទៅបោះឆ្នោត ហើយប្រជាពលរដ្ឋមានចំនួនជាង ៦លាន ៣សែននាក់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ សម្តេចថា ដោយសារសន្លឹកឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋ ដែលស្រលាញ់ជឿជាក់មកលើគណបក្សប្រជាជនកម្ពុជានេះហើយ បានធ្វើឱ្យគណបក្សប្រជាជនបន្តដឹកនាំប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា ការសម្រេចចិត្តជ្រើសរើសមេដឹកនាំល្អ ដោយសារប្រជាពលរដ្ឋពេញចិត្តលើការដឹកនាំប្រទេសជាង ៤០ឆ្នាំកន្លងមកនេះ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានការអភិវឌ្ឍ មានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ មានការងារធ្វើ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើន រួមទាំងការព្យាបាលសុខភាពដោយឥតគិតថ្លៃជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបន្តបង្កើតនូវគោលនយោបាយថ្មី ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់កម្រិតជីវភាពរបស់ពលរដ្ឋ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា គោលនយោបាយរាជរដ្ឋាភិបាលថ្មី នឹងខិតខំធ្វើ យ៉ាងណាឱ្យមាននិរន្តរភាព និងសង្គតិភាព ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ។
សម្ដេចធិបតី បានថ្លែងថា កត្តាចម្បងដែលធ្វើឲ្យគោលដៅសម្រេចរបស់កម្ពុជា នៅឆ្នាំ២០៥០ គឺការថែរក្សានូវសុខសន្តិភាព ។
សម្ដេចធិបតី បានថ្លែងថា ក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិ កម្ពុជានឹងខិតខំទប់ស្កាត់មិនឲ្យមានការឆ្លងរាលដាលនៃសង្គ្រាម កើតឡើងនៅក្នុងតំបន់ ទៅតាមលទ្ធភាពជាក់ស្ដែង ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងវាយបកទៅអ្នកនយោបាយចាស់វស្សា ដែលថារាជរដ្ឋាភិបាល មិនគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដោយភ្ជាប់បញ្ហាពលរដ្ឋនៅអ៊ីស្រាអែល ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋតាំងតែពីយូរមកហើយ ។
សម្ដេចធិបតី បានថ្លែងថា តាំងពីការផ្ទុះដំបូង នៃការបាញ់ប្រហារ របស់ពួកហាម៉ាស់ ទៅលើប្រទេសអ៊ីស្រាអែល និងធ្វើឲ្យនិស្សិតខ្មែរម្នាក់ស្លាប់ រាជរដ្ឋាភិបាលធ្វើការជាប់ប្រចាំជាមួយនិស្សិតផ្សេងៗ និងអាជ្ញាធរអ៊ីស្រាអែល ដើម្បីឲ្យពលរដ្ឋខ្មែរនៅទីនោះ មានសុវត្ថិភាព។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ៖ សពនិស្សិតខ្មែរ ដែលបានស្លាប់ដោយសារសង្គ្រាមរវាងកងកម្លាំងហា ម៉ាស់ និងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានមកដល់កម្ពុជា និងបានរៀបចំធ្វើបុណ្យ តាមទំនៀមប្រពៃណីផងដែរ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីថ្លែង ៖ យើងបានតាមដានជាប់ជាប្រចាំចំពោះស្ថានភាពនិស្សិត និងពលរដ្ឋខ្មែរ ដែលកំពុងស្ថិតនៅប្រទេសអ៊ីស្រាអែល ព្រមទាំងបានទាក់ទងជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធានាសន្តិសុខសុវត្ថិភាពដល់និស្សិត និងពលរដ្ឋទាំងនោះ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្តថា ៖ អំឡុងពេលមានសង្គ្រាមរវាងកងកម្លាំងហាម៉ាស់ និងអ៊ីស្រាអែល រាជ រដ្ឋាភិបាលបានជួលសណ្ឋាគារផ្កាយប្រាំ នៅតំបន់ព្រំដែនរវាងអេហ្ស៊ីប ហ្សកដង់ និងអ៊ីស្រាអែល ដើ ម្បីត្រៀមជាទីតាំងសុវត្ថិភាព សម្រាប់ឱ្យពលរដ្ឋ និងនិស្សិតខ្មែរស្នាក់នៅ។
សម្ដេចធិបតី បានចំអកឲ្យអ្នកនៅក្រៅប្រទេសមួយចំនួន ធ្វើខ្លួនឯងច្បាស់ជាងនិស្សិត កំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ពាក់ព័ន្ធនឹងសុខសុវត្ថិភាពរបស់និស្សិត និងពលរដ្ឋ ៕
ដោយ ៖ សហការី