សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា ទីក្រុងប៉េកាំងបានបដិសេធផ្តល់ការបកស្រាយអំពីមូលហេតុ នៅពីក្រោយការបណ្តេញរដ្ឋមន្រ្តីការពារជាតិចិន លោក Li Shangfu មួយថ្ងៃបន្ទាប់ពីរូបលោក ត្រូវបានដកហូតតំណែងជាផ្លូវការ ក្រោយបាត់មុខអស់រយៈពេលប្រហែល២ខែ។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ ទីក្រុងប៉េកាំងបានប្រកាសថា លោក Li ត្រូវបានដកតំណែងជារដ្ឋមន្រ្តីការពារជាតិ ខណៈអតីតរដ្ឋមន្រ្តីការបរទេស លោក Qin Gang ត្រូវបានដកតំណែងជាទីប្រឹក្សារដ្ឋ។ កាលពីខែកក្កដា ចិនបានដកតំណែងលោក Qin Gang ហើយឱ្យលោក Wang Yi ចូលកាន់តួនាទីជំនួសវិញ បន្ទាប់ពីលោក Qin បានបាត់មុខពីក្រសែភ្នែកសាធារណៈអស់រយៈខ្ទង់១ខែ។
នៅពេលដែលត្រូវសាកសួរអំពីការដកតំណែងលោក Li អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់ទៅកាន់ ក្រុមអ្នកសារព័ត៌មានថា លោកស្រីមិនមានព័ត៌មានផ្សេងទៀត ដែលអាចផ្តល់ឱ្យបន្ថែមឡើយ។ កាលពីពេលលោក Qin Gang ត្រូវបានដកតំណែង ទីក្រុងប៉េកាំងក៏មិនបានផ្តល់មូលហេតុដូចគ្នាផងដែរ។
ទាំងលោក Qin និង Li ត្រូវបានក្រុមអ្នកជំនាញជឿជាក់ថា គឺប្រធានាធិបតីចិន លោក ស៉ី ជីនពីង ជាអ្នកជ្រើសរើសដោយផ្ទាល់ សម្រាប់តួនាទីជារដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីការពារជាតិ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters