ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីថ្លែងការណ៍ឆ្លើយតប របស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ទៅកាន់កាសែត The Guardian ដែលបានផ្សព្វផ្សាយ និងមានចំណងជើងបកប្រែជាភាសាខ្មែរថា “ខ្ញុំខ្លាចថា ខ្ញុំអាចនឹងសម្លាប់ខ្លួនដូចប្តីរបស់ខ្ញុំ”

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា Cambodia Microfinance Association ចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបទៅកាន់កាសែត The Guardian ដោយបញ្ជាក់ថា ៖ យោងអត្ថបទចេញផ្សាយដោយកាសែត The Guardian នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ដែល មានចំណងជើងបកប្រែជាភាសាខ្មែរថា “ខ្ញុំខ្លាចថាខ្ញុំអាចនឹងសម្លាប់ខ្លួនដូចជាប្តីរបស់ខ្ញុំ ៖ ការរំលេចនូវក្រុមហ៊ុនផ្តល់កម្ចី បន្ទាប់ពីជនជាតិដើមភាគតិចធ្វើអត្តឃាត។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមធ្វើការបញ្ជាក់ និងផ្តល់ព័ត៌មានបន្ថែមជូនសាធារណជនដូចខាងក្រោម៖

មុនពេលអត្ថបទនេះបានចេញផ្សាយ អ្នកសារព័ត៌មាន The Guardian បានទំនាក់ទនងជាមួយភាគីពាក់ព័ន្ធ ជាពិសេសគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលត្រូវបានលើកឡើងនៅក្នុងអត្ថបទ។ សមាគមមីក្រូហិរញ្ញ វត្ថុកម្ពុជា បានជួបជាមួយអ្នកសារព័ត៌មាន The Guardian និងបានផ្ដល់អង្គហេតុ ព្រមទាំងព័ត៌មានពាក់ព័ន្ធ ផ្អែកតាមការស៊ើបអង្កេតការផ្ទៃក្នុងរបស់គ្រឹះស្ថានជាប់ពាក់ព័ន្ធ។ លទ្ធផលបានបង្ហាញថា គឺមិនរកឃើញភស្តុតាងណាមួយបានបញ្ជាក់ថា៖

– ១. មានការគៀបសង្កត់ ឬអសីលធម៌ពីសំណាក់គ្រឹះស្ថាន ឬបុគ្គលិករបស់ខ្លួន ឡើយ ។

និង ទី២. មានការជាប់ពាក់ព័ន្ធគ្នារវាងការធ្វើអត្តឃាត និងកម្ចីរបស់គ្រឹះស្ថាននោះទេ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងបន្តតាមដានសមាជិករបស់ខ្លួន ដើម្បីធានាបាននូវការអនុវត្តដែលល្អ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មិនអត់ឱនចំពោះការអនុវត្តផ្តល់កម្ចីដែលគ្មានវិន័យឥណទាន និងតាមដាន រាល់ការការប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងគោលការណ៍ការពារអតិថិជន។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមយកឱកាសនេះដើម្បីបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះការការពារអតិថិជននៅកម្ពុជា ៕

ដោយ ៖ សហការី


ចែករំលែក៖