ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាល៧មករាដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យតាមទីតាំងការដ្ឋានក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករាបានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យមើលតាមការដ្ឋាន ផ្លាស់ប្ដូរប្រព័ន្ធលូនិងការដ្ឋានផ្លាស់ប្ដូរការ៉ូឡាតាមចិញ្ចើមផ្លូវ ដើម្បីឱ្យមានសណ្ដាប់ធ្នាប់ល្អ និងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។

     ការចុះត្រួតពិនិត្យមើលការដ្ឋាននេះបានធ្វើឡើងនៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស និងផ្លូវលេខ១៣៩ ក្នុងមូលដ្ឋានខណ្ឌ៧មករា។

    លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានឱ្យដឹងថា ការចុះត្រួតពិនិត្យមើលការដ្ឋាននៅថ្ងៃនេះគឺដើម្បីមើលថា តើក្រុមហ៊ុនដេញថ្លៃវិនិយោគនៅក្នុងខណ្ឌ ការដ្ឋានអនុវត្តតាមលក្ខណៈបច្ចេកទេសដែរឬទេ និងណែនាំម្ចាស់ក្រុមហ៊ុនឱ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងធ្វើយ៉ាងណាមិនឱ្យប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋ ត្រូវកាត់បន្ថយឱ្យបានច្រើនបំផុត។

    បន្ថែមទៀតនោះលោកអភិបាលបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមានផ្ទះនៅតាមបណ្ដោយផ្លូវដែលមានការដ្ឋាន ដោយសូមចិត្តប្រជាពលរដ្ឋព្រោះក្នុងការដ្ឋានតែងតែមានការប៉ះពាល់ដល់ការធ្វើដំណើរប្រកបរបរអាជីវកម្មរបស់ប្រជាពលរដ្ឋ។ ដូច្នេះលោកអភិបាលបានសំណូមពរនិងសូមអធ្យាស្រ័យដល់ប្រជាពលរដ្ឋក្នុងរយៈពេលការដ្ឋានកំពុងតែដំណើរការនេះផងដែរ។

    ជាចុងក្រោយលោកអភិបាលបានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខណ្ឌត្រូវចុះត្រួតពិនិត្យតាមការដ្ឋានទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌឱ្យបានញឹកញាប់ដើម្បីពិនិត្យមើលឱ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវក្នុងការដ្ឋាន៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖