ភ្នំពេញ៖ មន្ត្រីនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា៖ ជនជាតិចិន២នាក់ រួមនឹងថ្នាំញៀនជាង៤គីឡូក្រាម ត្រូវបានកម្លាំងជំនាញរបស់មន្ទីរ ចុះស្រាវជ្រាវរហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនបានពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលដឹកនាំពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានស្រាវរហូតឈានទៅបង្ក្រាបករណី រក្សាទុក-ជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅ០២គោលដៅផ្សេងគ្នា៖ គោលដៅទី០១ បណ្តោយផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង និងគោលដៅទី០២ ខុនដូរហ៊ួយវ័ន ជាន់ផ្ទាល់ដី សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
ជនល្មើសដែលឃាត់ខ្លួនបានរួមមាន ឈ្មោះ LIU HAN TING ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត២០០០ និងឈ្មោះ LIN YU QIN ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៩០។ សម្រាប់វត្ថុតាងដែលរឹបអូសបានរួមមាន៖ គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី(MDMA) ទម្ងន់១២,៣៦ក្រាម និងគ្រឿងញៀន ប្រភេទកេតាមីន(KETAMINE) ទម្ងន់៤០០៤ក្រាម (៤គីឡូ និង៤ក្រាម)។
ក្នុងប្រតិបត្តិការនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនិយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
គួរបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កំពុងសាកសួរដើម្បីស្រាវជ្រាវ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖ សហការី