ខេត្តកំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោកឧត្តម សេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយលោក ឯក ស៊ុនរស្មី ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ច បានឱ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ ឈ្មោះ ង្វៀង ធីហុំ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិពោធិ៍ម្រះ ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនិង ២.ឈ្មោះ គឹម ហេង ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងនិងដោយយោងតាមបទល្មើស និងការអង្កេតបឋម។
សមត្ថកិច្ច បានបន្តឲ្យដឹងទៀតថា នៅវេលាម៉ោង១៧ និង១០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងនិងកម្លាំងកងរាជនអាវុធហត្ថស្រុកបរិបូណ៌ ដឹកនាំដោយលោកវរសេនីយ៍ ទោ ព្រំ សុីណេ ប្រធានមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ :១/.ឈ្មោះ ហៃ ចាន់នឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ(មិនពិតប្រាកដ) រស់នៅភូមិ សេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង,២/.ឈ្មោះ សុវណ្ណ រ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ(មិនពិតប្រាកដ) រស់នៅភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនិង៣/.ឈ្មោះ គីម ស្រីណា (ហៅស្រីពៅ) ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ(មិនពិតប្រាកដ) រស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យទាំងបីនាក់ជាប់ចោទពីបទលួចមានស្ថានទម្ងន់ទោស (លួចម៉ូតូនៅក្នុងផ្ទះ) ដែលបានប្រព្រឹត្តនៅចំណុច ភូមិពោធិ៍ម្រះ ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ ឆ្នាំង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ៦ ព្រឹក។
សមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងថា៖ វត្ថុតាងចាប់យករួមមាន :
១.ទូរស័ព្ទដៃ ចំនួន០១គ្រឿង ម៉ាកអូប៉ូ ពណ៌ខៀវ
២.ម៉ូតូ ចំនួន០១គ្រឿង ម៉ាកអុិចសេនទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ
៣.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក
៤.កាតធនាគារចំនួន០៣ (អេប៊ីអេ កាណាឌីយ៉ា និងប្រៃសណីយ៍)
៥.ចិញ្ចៀនលោហ:ធាតុពណ៌លឿង ចំនួន០១វង់
៦.កាបូបដៃស្រី ចំនួន០១
៧.ស្លាកលេខម៉ូតូ ចំនួន០១
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី រហូតមកដល់ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សូរិយា