ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ហ៊ុន ម៉ានី សូមអរគុណប្អូនៗ សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស ដែលកំពុងបំពេញការងារជួយដល់ការផ្ញើរកង់ម៉ូតូជូនដល់បេក្ខជនប្រឡង

ចែករំលែក៖

ភ្នំពេញ ៖ សូមអរគុណប្អូនៗ សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស ដែលកំពុងបំពេញការងារជួយដល់ការផ្ញើរកង់ម៉ូតូជូនដល់បេក្ខជនប្រឡង និងសណ្តាប់ធ្នាប់ក្នុងអំឡុងពេលដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងទូទាំងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ ស.ស.យ.ក. តាមបណ្តារាជធានី ខេត្ត ថែមទាំងបានជួយសម្របសម្រួលកិច្ចការផ្សេងៗជូនបេក្ខជន មិនថាអាហារ ភេសជ្ជៈ ឬកន្លែងស្នាក់នៅក្នុងអំឡុងពេលប្រឡង។  នេះជាប្រសាសន៍ របស់ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណះ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

លោករដ្ឋមន្ត្រីថា ៖ ស.ស.យ.ក. តែងតែជាផ្នែកមួយនៃរាជរដ្ឋាភិបាល ក្នុងការងារសង្គម មហាជន និងមនុស្សធម៌ ដើម្បីជាតិ និងប្រជាជន។

សូមបញ្ជាក់ថា ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២២-២០២៣ ប្រព្រឹត្តទីនាថ្ងៃទី៦-៧ វិច្ឆិកា នេះ មានបេក្ខជនចុះឈ្មោះប្រឡងចំនួន ១៣៧៤១២នាក់ ក្នុងនោះមានបេក្ខនារីចំនួន២៣២៧៨នាក់ និងបេក្ខជនមានពិការភាពចំនួន១៨នាក់។

នៅក្នុងឆ្នាំសិក្សា២០២២-២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបចំនួន ១៣៧៤១២នាក់ ដែលចំនួននេះកើនឡើង ៩២៧៧នាក់ ក្នុងនោះបេក្ខនារីមានចំនួន ២៣២៧៨នាក់។ ចំណែកបេក្ខជនមានពិការភាពចំនួន១៨នាក់ ក្នុងនោះបេក្ខជនពិការភ្នែកចំនួន ៦នាក់ និង បេក្ខជនគ ថ្លង់ចំនួន ១២នាក់។

ជាមួយគ្នានោះ បេក្ខជនថ្នាក់វិទ្យាសាស្ដ្រមានចំនួន ៤១៣៧៩ និងបេក្ខជនថ្នាក់វិទ្យាសាស្ដ្រសង្គមមានចំនួន ៩៦០៣៣នាក់។ ចំណែក បេក្ខជនចំណេះទូទៅមានចំនួន ១១៩៩៣៧នាក់ និង បេក្ខជនស្វ័យរិនមានចំនួន ១៥៥០១នាក់។ បេក្ខជនបំពេញវិជ្ជាមានចំនួន ៣៣៤២នាក់ និងបេក្ខជនស្វ័យរិនបំពេញវិជ្ជាមានចំនួន ១៦៣២នាក់។

បន្ថែមពីនេះ បេក្ខជនដែលប្រឡងយកភាសាអង់គ្លេសជាភាសាបរទេសមានចំនួន ១៣៦៨១១នាក់ ក្នុងនោះមានបេក្ខនារីចំនួន ៧២៩២០នាក់ និង បេក្ខជនដែលប្រឡងយកភាសាបារាំងជាភាសាបរទេសមានចំនួន ៦០១នាក់ ហើយបេក្ខនារីចំនួន៣៦៥នាក់៕

ដោយ ៖ សហការី


ចែករំលែក៖