ទោះបីមេឃងងឹតនិងមានភ្លៀងធ្លាក់ក៏ដោយ ក៏ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនជាច្រើនរយនាក់នៅតែប្រមូលផ្តុំគ្នានៅកំពង់ផែ Tacoma រដ្ឋ Washington (សហរដ្ឋអាមេរិក) ដើម្បីរារាំងនាវាដឹកជញ្ជូនយោធា ដែលពួកគេជឿថានឹងដឹកអាវុធរបស់អាមេរិកទៅកាន់ប្រទេសអុីស្រាអែល។
លោក Wassim Hage អ្នកចូលរួមនៅក្នុងក្រុមតវ៉ានៅ Tacoma បានប្រាប់ Al Jazeera នៅល្ងាចថ្ងៃទី 6 ខែវិច្ឆិកា ថា “យើងចង់បានបទឈប់បាញ់មួយឥឡូវនេះ… យើងចង់ពិនិត្យមើលឡើងវិញនូវគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក និងការផ្តល់មូលនិធិសម្រាប់អុីស្រាអែល” ។ លោក Hage បានធ្វើការជាអ្នកសម្របសម្រួលនៃមជ្ឈមណ្ឌលធនធាននិងអង្គការអារ៉ាប់ (AROC) ដែលរៀបចំការតវ៉ា។
លោក Hage បាននិយាយថា ប្រភពសម្ងាត់មួយបានជូនដំណឹងដល់ AROC ថា កប៉ាល់នេះនឹងដឹកសព្វាវុធនិងឧបករណ៍យោធាទៅកាន់ប្រទេសអុីស្រាអែល ខណៈដែលប្រទេសនេះបានបន្តយុទ្ធនាការវាយលុករបស់ខ្លួនប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប។
នៅកំពង់ផែ Tacoma ក្រុមអ្នកតវ៉ាគ្រប់វ័យពាក់អាវភ្លៀង ឬកាន់ឆត្របានឈរនៅជិតកប៉ាល់ Cape Orlando ដោយគ្រវីទង់ជាតិប៉ាឡេស្ទីន និងលើកពាក្យស្លោកទាមទារការការពារតំបន់ Gaza Strip និងប្រជាជនប៉ាឡេស្ទីន។
នេះជាសប្តាហ៍ទីពីរជាប់គ្នាហើយដែលក្រុមបាតុករបានប្រមូលផ្តុំគ្នានៅកំពង់ផែដើម្បីរារាំងកប៉ាល់ Cape Orlando មិនឱ្យធ្វើដំណើរទៅអុីស្រាអែល។ កាលពីសប្តាហ៍មុន នៅពេលដែល Cape Orlando បោះយុថ្កានៅកំពង់ផែ Oakland រដ្ឋកាលីហ្វ័រនីញ៉ា បាតុករបីនាក់បានតោងជាប់នឹងជណ្ដើរ ដោយពន្យារពេលការចាកចេញរបស់កប៉ាល់អស់រយៈពេលជាច្រើនម៉ោង។
ឆ្មាំឆ្នេរសមុទ្រអាមេរិកបាននិយាយថា ទីបំផុតពួកគេបានដកមនុស្សបីនាក់ចេញពីតំបន់នេះពីបទ “រំលោភបំពាន” នៅលើកប៉ាល់។ មនុស្សបីនាក់ត្រូវបានគេស៊ើបអង្កេតពីបទល្មើសច្បាប់៕ ដោយ៖ ធីរីណា
រូបថត៖ AP