ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា បុរសម្នាក់ បានប្រើប្រាស់កាំភ្លើងច្នៃជ័រ និងកាំបិតគំរាមប្លន់យកម៉ូតូបានសម្រេច ហេីយព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែសំណាងអាក្រក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកបវេល និងនគរបាលស្រុកភ្នំព្រឹក រួមគ្នាស្រាវជ្រាវ និងបង្រ្កាបបានយកមកអនុវត្តតាមច្បាប់។
លោកស្នងការខេត្ត បានឱ្យដឹងទៀតថា កាលពីថ្ងៃទី១១ ខែវិច្ឆិកាម្សិលមិញនេះ មានករណីលួចមានស្ថានទម្ងន់ទោស(ប្រើប្រាស់កាំភ្លើងច្នៃជ័រ និងកាំបិតគំរាមប្លន់យកម៉ូតូ) មួយបានកើតឡើងស្ថិតនៅចំណុចក្បែរស្ពានដំរីស្លាប់ ក្រុមទី១០ ភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបា ត់ដំបង ដែលករណីនេះបង្កឡើងដោយជនសង្ស័យ០១នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគំរាមបាញ់សម្លាប់ជនរងគ្រោះឈ្មោះ ពិ វ៉ិត ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅក្រុម០២ ភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីប្លន់យកម៉ូតូម៉ាកស្គុបពីពណ៌ស គ្មានស្លាក លេខស៊េរីឆ្នាំ២០២៣បាន សម្រេច រួចជនសង្ស័យបានយកម៉ូតូជិះគេចខ្លួនបាត់ ។
បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាមលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងជំនាញនគរបាលយុត្តិធម៌រួមជាមួយកម្លាំងអន្តរាគមន៍ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃខ្ពស់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកដែលមានលោកវរសេនីយ៍ទោ ហេង បារាំង ជាអធិការ ចុះស្រាវជ្រាវ និងធ្វើការស្ទាក់ចាប់បានជនសង្ស័យ០១នាក់ឈ្មោះ ប៊ុត សុវណ្ណរិទ្ធ ហៅសៅលីញ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅចំណុចភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងដកហូតបាន៖
-ម៉ូតូរបស់ជនរងគ្រោះចំនួន០១គ្រឿង
-ម៉ូតូរបស់ជនសង័្សយចំនួន០១គ្រឿង
-ខ្នោះដៃចំនួន០១
-កាំបិតស្នៀតចំនួន០១
-អាវុធកែច្នៃចំនួន០១
បច្ចុប្បន្ននគរបាលស្រុក បានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់។
រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ៕
ដោយ៖ សហការី