ខេត្តបន្ទាយមានជ័យ៖ ព្រះអង្គធម្មវនវាសី ចន្ទមុនី និមន្តទេសនាបុណ្យកឋិនទានវត្តប្រាសាទ មានប្រជាពលរដ្ឋចាំគោរពទទួលរាប់ម៉ឺននាក់តាមដងផ្លូវជិត១០គីឡូម៉ែត្រ នាថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២៣នៅភូមិប្រាសាទ ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យដោយមានសមត្ថកិច្ចនគរបាលនិងកម្លាំងកងរាជអាវុធជួយសម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។
ក្នុងឱកាសដែលគណៈកម្មការ អាចារ្យវត្តនិងពុទ្ធបរិស័ទ្ធនៅវត្តប្រាសាទស្រុកស្វាយចេក បាននិមន្តព្រះអង្គធម្មវនវាសី ចន្ទមុនី ព្រះសង្ឃាធិបតីវត្តចន្ទប្បដោត្តនារាមវត្តតាសុតនៅខេត្តកំពង់ឆ្នាំងបាននិមន្តធម្មទេសនាអង្កកឋិនទាននៅវត្តប្រាសាទ។
ក្រោយពេលដែលព្រះអង្គចន្ទមុនី និមន្តធម្មទេសនារយៈពេលជាងកន្លះម៉ោងត្រូវបានបញ្ចប់ហើយ ព្រះអង្គបាននិមន្តចេញពីវត្តប្រាសាទ ហើយផ្តល់ពរជ័យ ដល់ប្រជាពលរដ្ឋដែលរង់ចាំព្រះអង្គតាមដងផ្លូវចេញពីវត្តរហូតដល់ផ្លូវជាតិលេខ៥៦ដែលមានប្រវែងជិត១០គីឡូម៉ែត្រ មានប្រជាពលរដ្ឋរង់ចាំនិងទទួលពរជ័យរាប់ម៉ឺននាក់។
ប្រជាពលរដ្ឋបានប្រាប់ថា៖ ពួកគាត់រាប់ម៉ឺននាក់មានទាំងប្រជាពលរដ្ឋក្នុងនិងតាមបណ្តាខេត្តបានរង់ចាំទទួលពរជ័យពីព្រះអង្គធម្មវនវាសី ចន្ទមុនី និងមានជំនឿជឿជាក់ហើយមកទទួលពរជ័យដើម្បីអោយមានសេចក្តីសុខ និងសេចក្តីចម្រើន រកស៊ីទទួលទានមានបានគ្រប់ៗគ្នា និងប្រទេសជាតិមានសុខសន្តិភាព។
ប្រជាពលរដ្ឋបាននិមន្តព្រះអង្គធម្មវនវាសី ចន្ទមុនី ប្រោះព្រំកូនចៅទទួលបានសុវត្ថិភាព សុខភាព និងជោគជ័យគ្រប់ប្រការ។
ប្រជាពលរដ្ឋគ្រប់ទិសទី បង្ហាញពីជំនឿ គោរព ប្រណិប័តន៍ចំពោះព្រះអង្គធម្មវនវាសី ចន្ទមុនី ហើយក៏ឃើញថា ប្រជាពលរដ្ឋយើងមានជំនឿក្នុងការកសាងអំពីល្អ សាមគ្គីភាព ក្នុងប្រទេស ដែលមានសន្តិភាព ។ ទោះកម្ពុជាជាប្រទេសគោរពសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ដូចមានចែងក្នុង រដ្ឋធម្មនុញ្ញ ប៉ុន្តែប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិគោរពសាសនាដែលខ្លួនគោរពតាមជំនឿរៀងៗខ្លួន ៕
ដោយ ៖ សហការី