ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលវាយឆ្មក់មន្ទីរពេទ្យនៅ West Bank

ចែករំលែក៖

យ៉ាងហោចណាស់បុគ្គលិកពេទ្យពីរនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីកងកម្លាំងអុីស្រាអែលបានធ្វើការវាយឆ្មក់ទៅលើមន្ទីរពេទ្យឯកទេស Ibn Sina ក្នុងទីក្រុង Jenin នៃតំបន់ West Bank ។
សារព័ត៌មាន Aljazeera បានផ្សាយនៅថ្ងៃទី ១៧ ខែវិច្ឆិកាថា រថយន្តយោធាអុីស្រាអែលប្រហែល ៨០ គ្រឿងបានចូលទីក្រុង Jenin មុនពេលឡោមព័ទ្ធ Ibn Sina ដែលជាកន្លែងពេទ្យដ៏ធំបំផុតមួយនៅ West Bank ។
កងទ័ពអុីស្រាអែលបានបញ្ជាឱ្យជម្លៀសមន្ទីរពេទ្យ Ibn Sina ប៉ុន្តែបានប្រឈមមុខនឹងការប្រឆាំងពីវេជ្ជបណ្ឌិតមួយចំនួនដែលធ្វើការនៅទីនោះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក យ៉ាងហោចណាស់បុគ្គលិកពេទ្យពីរនាក់ត្រូវបានចាប់ខ្លួន។
ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa បានផ្សាយថា នៅយប់មុននេះ កងទ័ពអុីស្រាអែលបានចាប់ខ្លួនមនុស្សយ៉ាងតិច៧នាក់នៅក្នុងទីក្រុង Jenin។
វិបត្តិសុខភាពនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបកាន់តែធ្ងន់ធ្ងរទៅៗ មន្ទីរពេទ្យឥណ្ឌូនេស៊ីនៅភាគខាងជើងនៃទឹកដីនេះ ក្លាយជាកន្លែងព្យាបាលចុងក្រោយបង្អស់ដែលត្រូវបានបង្ខំឱ្យបិទ។
នាយក Atef al-Kahlout បានបញ្ជាក់ថា សេវាទាំងអស់នៅមន្ទីរពេទ្យត្រូវបានជាប់គាំងដោយសារការខ្វះខាតការផ្គត់ផ្គង់ និងចង្អៀតណែន។ មន្ទីរពេទ្យនេះអាចផ្ទុកអ្នកជំងឺបានតែ140នាក់ប៉ុណ្ណោះ ប៉ុន្តែត្រូវទទួលប្រហែល 500 ករណី។ ស្ថានភាពគ្រាអាសន្នបានបង្ខំឱ្យនាយក Atef al-Kahlout អំពាវនាវឱ្យរថយន្តសង្គ្រោះមិនយកអ្នករបួសបន្ថែមទៀតទៅកាន់មន្ទីរពេទ្យនេះ។
មន្ទីរពេទ្យជាច្រើនផ្សេងទៀតនៅតំបន់ហ្គាហ្សាស្ទ្រីបក៏បានបញ្ឈប់ប្រតិបត្តិការផងដែរ ដោយសារតែផលប៉ះពាល់ធ្ងន់ធ្ងរពីការវាយប្រហាររបស់អុីស្រាអែល។
នៅក្នុងរបាយការណ៍ចុងក្រោយបំផុតស្តីពីស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីប ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បាននិយាយថា ទាហានអុីស្រាអែលដែលគាំទ្រដោយរថក្រោះ បានវាយឆ្មក់ចូលមន្ទីរពេទ្យ Al-Shifa កាលពីថ្ងៃទី១៦ខែវិច្ឆិកា៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖