ភ្នំពេញ ៖ មន្ត្រីរាជការនិងពុទ្ធបរិស័ទនៅរដ្ឋបាលរាជធានីភ្នំពេញ បានមូលមតិគ្នាផ្ដើមធ្វើអង្គកឋិនទានក្រោមការផ្តួចផ្តើមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានជួបជុំពុទ្ធបរិស័ទ ប្រារព្ធពិធីក្រុងពាលី សមាទានសីល ធ្វើបទនមស្ការព្រះរតនត្រ័យ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនានៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នៅសាលារាជធានីភ្នំពេញ។
អង្គកឋិនទាននេះ នឹងត្រូវដង្ហែទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តប្រសិទ្ធីរីម្មារាម ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដើម្បីប្រមូលបច្ច័យកសាងព្រះវិហារ និងសមិទ្ធផលនានាដើម្បីតម្កល់ទុកជាស្រែបុណ្យទាំងអស់គ្នា ។
ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ដែលកាន់ព្រះពុទ្ធសាសនាប្រាកដក្នុងចិត្តមកហើយថា កាលដែលមានលទ្ធភាព និងធនធានធ្វើពិធីបុណ្យដង្ហែអង្គកឋិនទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមទីអារាមនានានោះ នឹងទទួលបានអានិសង្សទាំងក្នុងបច្ចុប្បន្នជាតិ និងអនាគតជាតិ ជាពិសេសបានបញ្ជូនមហាកុសលទៅដល់បុព្វការីជនដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខហើយនោះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា យើងទាំងអស់គ្នាមានឱកាសជួបជុំធ្វើបុណ្យទាននាពេលនេះ គឺដោយសារយើងមានសន្តិភាពពេញផ្ទៃប្រទេស ក្រោមនយោបាយឈ្នះ=ឈ្នះរបស់ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន និងបន្តមកដល់នយោបាយបញ្ចកោណ នៃអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
អង្គកឋិនទាននេះក៏ជាការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យកាន់តែរុងរឿង និងគង់វង្សយូរអង្វែង។ ម៉្យាងទៀត ក៏បានបង្ហាញឱ្យឃើញពីការជួបជុំរបស់ពុទ្ធបរិស័ទជិតឆ្ងាយដោយក្តីជ្រះថ្លា និងបង្កើនសាមគ្គីភាពរវាងប្រជាពលរដ្ឋនឹងអាជ្ញាធរ ក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើន។
តាមទំនៀមទម្លាប់ ជនណាបានធ្វើបុណ្យកឋិនទានដែលនាំឲ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ស៥យ៉ាង ឈ្មោះថា ជាអ្នកឱ្យសេចក្តីសុខដល់អ្នកដទៃ ក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោក ក្នុងអនាគត។
កម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដែលកើតមានពីអង្គកឋិនទាន និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតកាទាំង៧សន្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធយុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។
បច្ច័យដែលប្រមូលបានពីអង្គកឋិនទាននេះ ដើម្បីវេរប្រគេនព្រះសង្ឃក្នុងពុទ្ធសីមាវត្តប្រសិទ្ធីរីម្មារាម ដើម្បីបន្តកសាងព្រះវិហារនិងសមិទ្ធផលនានាតម្កល់ទុកក្នុងព្រះពុទ្ធសាសនាតរៀងទៅ។
សូមបញ្ជាក់ថា៖ ផ្អែកតាមសៀវភៅព្រះរាជពិធីទ្វារទសមាស ដែលផ្សព្វផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យបានបង្ហាញថា ពុទ្ធបរិស័ទនាំគ្នាធ្វើបុណ្យកឋិននេះ គឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនា ស្តីពីកឋិនទានថា ជាកាលទានដ៏មានផលានិសង្សច្រើនជាងទានទាំងពួង។ តាមពុទ្ធប្បញ្ញត្តិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបាន លុះណាតែបានគង់ចាំព្រះវស្សាអស់ពេល៣ខែដោយបរិបូរណ៍ ពុំមានដាច់កិច្ចចូលព្រះវស្សាទេនោះ ក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិស័ទបានដែរ៕
ដោយ៖ សំរិត