ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងបរិការភូមិសាស្រ្តនយោបាយកាន់តែស្មុគស្មាញ ហើយសេដ្ឋកិច្ចពិភពលោកកាន់តែពិបាកព្យាករ កម្ពុជាកាន់តែមិនអាចបោះបង់ ឬព្រងើយកន្តើយចំពោះការអភិវឌ្ឍកសិកម្មដែលជាឆ្នាំងបាយរបស់យើង

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ សេដ្ឋកិច្ចកម្ពុជាមិនអាចពឹងផ្អែកលើវិស័យកសិកម្ម ឬវិស័យណាមួយមុខនោះទេ យើងចាំបាច់មានសេដ្ឋកិច្ចមាត្រដ្ឋានដែលជាយុទ្ធសាស្រ្តមិនអាចចៀសបាន។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ ទន្ទឹមនឹងការព្យាយាមធ្វើទំនើបកម្មវិស័យឧស្សាហកម្ម ពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើជំនាញបច្ចេកវិទ្យា យើងក៏មានកាតព្វកិច្ចក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មដូចគ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងត្រូវផ្សារភ្ជាប់វិស័យកសិកម្មរបស់យើង ពីកសិកម្មបែបគ្រួសារទៅជាកសិកម្មតាមបែបឧស្សាហកម្មដែលមានស្តង់ដារខ្ពស់ ដែលអាចប្រកួតប្រជែងការនាំចូល ហើយថែមទាំងអាចផ្គត់ផ្គង់វត្ថុធាតុដើមដល់ខ្សែច្រវ៉ាក់ផលិតកម្មក្នុងស្រុក ក្នុងតំបន់ និងក្នុងសកល។ 

សម្តេចមានប្រសាសន៍ថា៖«ពេលនិយាយពីកសិកម្មយើងតែងតែគិតអំពីតុល្យភាពរវាងអ្នកប្រើប្រាស់ និងអ្នកផលិតបើអ្នកផលិតតម្លៃខ្ពស់ល្អហើយ ប៉ុន្តែពេលដែលលក់ចេញមកអ្នកប្រើប្រាស់ថ្លៃខ្ពស់វានាំឲ្យមានអតិផរណា» ។

សម្តេចធិបតី បានបន្តថា ៖ ការកាត់បន្ថយគម្លាតយ៉ាងណាផលទីមួយចូលទៅដល់កសិកររបស់យើងបានច្រើន ផលទីពីរ រក្សាលំនឹងតម្លៃនៅក្នុងទីផ្សារសម្រាប់ផលិតផល។ ប្រជាកសិករចង់បានតម្លៃស្រូវខ្ពស់ហើយអ្នកហូបចង់បានតម្លៃថោកសមរម្យ។ អញ្ចឹងតុល្យភាពរូបមន្តនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលគិតគូរថា ធ្វើយ៉ាងណាធានាធ្វើតុល្យភាពនៃអ្នកលក់ និងអ្នកទីប្រើប្រាស់។

យើងធ្វើឱ្យបានផលទាំងអស់ទៅកសិករអញ្ចឹងផលសំខាន់មិនមែនប្រមូលផ្ដុំទៅលើរដ្ឋាភិបាលទេ គោលដៅរបស់យើងគឺធ្វើយ៉ាងណាឲ្យផលលាភនេះចែកទៅដល់ដៃប្រជាពលរដ្ឋជាកសិករ អញ្ចឹងត្រូវមានការចូលរួមជាមួយនឹងវិស័យឯកជនផងដែរ ដែលជាចលករនៃការជំរុញនេះ។

អតិផរណានៃតម្លៃនេះគឺជាកិច្ចការដ៏សំខាន់ដែលយើងត្រូវតាមដាន ហើយសម្តេចបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មត្រូវរាយការណ៍ជាប្រចាំអំពីការឡើងថ្លៃនៃទំនិ ញនៅលើកទីផ្សារ។ សម្តេចបន្តថាក្នុងឆ្នាំនេះទោះបីមានវិបត្តិបញ្ហាថាមពលនៅក្រៅប្រទេសវាឡើងថ្លៃ ប៉ុន្តែនៅកម្ពុជានៅមានក្នុងកម្រិតមួយដែលមិនទាន់មានហានិភ័យហើយ ដូច្នេះសូមបន្តតាមដាន។

សម្តេចមានប្រសាសន៍ថា៖ «កិច្ចការងារនេះវាសំខាន់ វាទាក់ទងវាទាក់ទងទៅនឹងជីវភាពរបស់ប្រជាពលរដ្ឋយើង បើប្រាក់ខែឡើងហើយទំនិញឡើងថ្លៃគឺវានៅតែដដែលហ្នឹង។ ស៊ូឲ្យ ទំនិញមិនបាច់ឡើងហើយប្រាក់ខែមិនបាច់ឡើងវាល្អជាង ព្រោះទំនិញវាឡើងថ្លៃលឿនពេក»៕

ដោយ ៖ សហការី


ចែករំលែក៖