ភ្នំពេញ៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ បានទទួលជួបគណៈប្រតិភូវិនិយោគិនចិន-ហុងកុង មកពីវិស័យ (១) ថាមពលសូឡា (២) ឧស្សាហកម្ម និង (៣) ឧស្សាហកម្មគាំទ្រ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ, កាលានុវត្តភាព និងបរិយាកាសវិនិយោគ ព្រមទាំងការសម្រេចចិត្តបណ្ដាក់ទុននៅកម្ពុជា។
នាឱកាសនោះ លោក សួន សុផល បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនគណៈប្រតិភូ និងបានជម្រាបជូនដោយសង្ខេបអំពីការលើកទឹកចិត្តក្នុងវិស័យគន្លឹះក្រោមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសយន្ដការផ្ដល់កិច្ចសម្រួលវិនិយោគ និងសេវាថែទាំវិនិយោគ។ ជាមួយនេះ លោកបង្ហាញជំនឿចិត្តថាគណៈប្រតិភូ នឹងច្បាមយកកាលានុវត្តភាពជាអតិបរមាពីការវិនិយោគក្រោមច្បាប់ស្ដីពីវិនិយោគក្នុងវិស័យប្រកបដោយនវានុវត្តន៍។
ដោយឡែកនៅថ្ងៃដដែលនេះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូវិនិយោគិន ដឹកនាំដោយ សមាគមធុរកិច្ច Hehehui Entrepreneur Club ជាមួយនឹងបណ្តាក្រុមហ៊ុនវិនិយោគលើវិស័យ៖ កសិ-ឧស្សាហកម្ម កម្មន្តសាលឱសថនិងបរិក្ខារពេទ្យ ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ភ័ស្តុភារកម្ម ការផលិតថាមពលអគ្គិសនីដោយជីវៈចម្រុះ និង E-Commerce.។
សូមបញ្ជាក់ជូនថា នេះគឺជាដំណើរទស្សនកិច្ចលើកទី២ របស់សមាគមធុរកិច្ច Hehehui Entrepreneur Club មកកម្ពុជាក្នុងឆ្នាំ ២០២៣ ដើម្បីសិក្សាអំពីកលានុវត្តភាព និងសក្តានុពលវិនិយោគនៅកម្ពុជា។ ប្រតិភូវិនិយោគិន នឹងបន្តដំណើរទស្សនកិច្ចសិក្សានៅខេត្តព្រះសីហនុ និងបណ្តាទីតាំងសំខាន់ៗមួយចំនួនទៀត៕
ដោយ៖សហការី