សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា បទឈប់បាញ់រយៈពេល៤ថ្ងៃរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស នឹងចូលជាធរមាននៅព្រឹកថ្ងៃសុក្រនេះ ខណៈចំណាប់ខ្មាំង ក្រុមដំបូងជាជនជាតិអ៉ីស្រាអែល១៣នាក់ នឹងត្រូវដោះលែងនៅពេលរសៀលថ្ងៃដដែល ហើយដែលនេះជាការឈប់បាញ់លើកដំបូងបំផុត ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក។តាមក្រុមអ្នកសម្របសម្រួលកាតា ការឈប់បាញ់គ្នានឹងត្រូវចូលជាធរមាននៅម៉ោង ៧៖០០នាទីព្រឹក ថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ហើយ នឹងត្រូវអនុវត្តទាំងនៅតំបន់ភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា។ ក្រុមអ្នកសម្របសម្រួលនេះបានឱ្យដឹងទៀតថា ក្រុមហាម៉ាស នឹងដោះលែងចំណាប់ខ្មាំងក្រុមដំបូងជនជាតិអ៉ីស្រាអែលចំនួន ១៣នាក់ នៅម៉ោង ៤៖០០នាទីរសៀលថ្ងៃដដែលជាការអនុវត្តតាមបទ ឈប់បាញ់រយៈពេល៤ថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង៥០នាក់ ក្នុងចំណោមចំណាប់ខ្មាំងសរុបជាង ២៤០នាក់។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ការវាយប្រយុទ្ធគ្នានៅតែបន្តឡើងហើយកាន់តែខ្លាំងជាងមុនផងដែរ ដោយយន្ដហោះចម្បាំង អ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើគោលដៅច្រើនជាង ៣០០ទីតាំងក្នុងតំបន់ហ្កាហ្សា រីឯកងទ័ពថ្មើងជើងបាញ់ប្រយុទ្ធ គ្នាយ៉ាងសម្បើមជាមួយក្រុមហាម៉ាស នៅជុំវិញជំរំជនភៀសខ្លួន Jabalia ស្ថិតនៅភាគខាងជើងទីក្រុងហ្កាហ្សា៕
ដោយ៖ ធីរីណា(រូបថត៖ AFP)