ភ្នំពេញ៖ ខណៈដែលពិធីបុណ្យអុំទូក ជិតនឹងចូលមកដល់ កម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញបានត្រៀមកម្លាំងនគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងប្រមាណ៥ពាន់នាក់ ដើម្បីការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនពលរដ្ឋដែលមកទស្សនាកម្សាន្តពីការប្រណាំងទូក ដែលនឹងប្រព្រឹត្តិទៅនៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ។
ក្នុងនោះដែរ កម្លាំងនគរបាលចរាចរណ៍ ជាកម្លាំងស្នូលមួយ ក្នុងការសម្របសម្រួលលំហូរចរាចរណ៍នៅតាមដងផ្លូវជាតិសំខាន់ៗ ពិសេសតម្រាយផ្លូវនៅជុំវិញបរិវេណទីតាំងដែលមានការប្រារព្ធពិធីបុណ្យអុំទូក ។
លោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ ឱ្យដឹងថា ៖ កម្លាំងនគរបាល បានត្រៀមជាស្រេច ដើម្បីប្រចាំការនៅតាមគោលដៅជាច្រើន សម្រាប់ការបញ្ចៀស ក៏ដូចជាសម្រួលលំហូរចរាចរណ៍របស់ពលរដ្ឋដែលមកទស្សនាកម្សាន្ត នាថ្ងៃបុណ្យអុំទូកដើម្បីរក្សាបានសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ ព្រោះនៅថ្ងៃ នៃពិធីបុណ្យដែលនឹងចូលមកដល់នោះ មិនមែនមានតែពលរដ្ឋនៅរាជធានីនោះឡើយដែលមកទស្សនាកម្សាន្ត ក៏មានពលរដ្ឋជាច្រើនមកពីតាមបណ្តាខេត្តនានាចូលមកទស្សនាផងដែរ ព្រោះពិធីបុណ្យជាតិដ៏សំខាន់មួយនេះ បានខកខានប្រារព្ធទៅអស់រយៈពេល៣ឆ្នាំកន្លងទៅហើយ ។
សូមបញ្ជាក់ថា ពិធីបុណ្យ គឺនឹងប្រព្រឹត្តិទៅរយៈពេល០៣ថ្ងៃ គឺនៅថ្ងៃទី២៦ , ២៧ , និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ។ ក្នុងនោះទីតាំង សួនច្បារ និងបរិវេណនៅទីតាំងជុំវិញតំបន់ដែលមានការប្រារព្ធពិធី ក៏ត្រូវបានអាជ្ញាធរគិតគូររៀបចំបានស្អាតល្អផងដែរ ដើម្បីត្រៀមសម្រាប់ថ្ងៃពិធីបុណ្យចូលមកដល់ ៕
ដោយ ៖ រ៉ារ៉ា