ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋាន ក.ប.ប. ណែនាំដល់អ្នកឡើងត្នោត និងអ្នកផលិតទឹកត្នោត ក្នុងការប្រើប្រាស់សារធាតុស៊ុលហ្វីតនៅក្នុងកម្រិតកំណត់ដែលសមស្របទៅតាមស្តង់ដា​

ចែករំលែក៖

ភ្នំពេញ៖ លោក ស៊ិន ស៊ីដេត អគ្គនាយករង តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដឹកនាំកិច្ចប្រជុំដើម្បីធ្វើការណែនាំទៅដល់សាខា ក.ប.ប. រាជធានី ខេត្ត រួមមាន ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តតាកែវ ដែលជាមន្រ្តីជំនាញ​ ដើម្បីចុះទៅធ្វើការផ្សព្វផ្សាយ និងណែនាំដល់អ្នកឡើងត្នោត និងអ្នកផលិតទឹកត្នោត ក្នុងការប្រើប្រាស់សារធាតុស៊ុលហ្វីតនៅក្នុងកម្រិតកំណត់ដែលសមស្របទៅតាមស្តង់ដា។ 

នៅក្នុងកម្មវិធីនេះ បានធ្វេីឡេីង​កាលពីថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ​ ដើម្បីឱ្យមន្រ្តីជំនាញបានយល់ដឹងពីគោលបំណងនៃកម្មវិធី មន្រ្តីនៃនាយកដ្ឋានមន្ទីរពិសោធន៍ បានធ្វើបទបង្ហាញអំពីសាវតាវនៃការសិក្សាស្រាវជ្រាវនេះ ដោយយោងទៅតាមការផ្សព្វផ្សាយពត៌មានតាមបណ្តាលសង្គមអំពីករណីនៃការប្រើប្រាស់សារធាតុគីមីក្នុងទឹកត្នោតកន្លងមក ទើបមានការណែនាំពីថ្នាក់ដឹកនាំឱ្យធ្វើការសិក្សាស្រាវជ្រាវ និងការធ្វើតេស្តទៅលើសារធាតុម្សៅស ចំនួន២ប្រភេទ ក្នុងចំណោមសារធាតុម្សៅសចំនួន ៧ប្រភេទ គឺសារធាតុស៊ុលហ្វីត Potassium metabisulfite និង សារធាតុស៊ុលហ្វីត Sodium metabisulfite។ 

ក្នុងនោះផងដែរ តាមរយៈការតេស្តក្នុងរយៈពេល៤ខែមកនេះ មន្ត្រីជំនាញបានធ្វើការសិក្សាដោយដាក់លាយសារធាតុម្សៅសទាំង២ប្រភេទនេះទៅក្នុងទឹក និងស្ករត្នោត ដោយគណនាតាមបរិមាណស៊ុលហ្វីតដែលអនុញ្ញាតដោយស្តង់ដាកូដិច។ ជាលទ្ធផលក្នុងការសិក្សាស្រាវជ្រាវបានបង្ហាញថាបរិមាណដែលបានគណនាដោយមន្ត្រីជំនាញឱ្យដាក់សារធាតុស៊ុលហ្វីតទាំង២ប្រភេទខាងលើ មិនបានលើសបរិមាណដែលបានកំណត់ដោយស្តង់ដាកូដិចនោះទេ។ ដូចនេះដើម្បីឱ្យមានភាពងាយស្រួលដល់អ្នកឡើងត្នោត និងអ្នកផលិតទឹកត្នោត មន្ត្រីជំនាញបានបង្កើតជាតារាងរង្វាស់រង្វាល់ដោយប្រើស្លាព្រាកាហ្វេជូនទៅដល់ សាខាក.ប.ប.រាជធានីខេត្ត ក្នុងការណែនាំបន្តទៅដល់អ្នកឡើងត្នោត និងអ្នកផលិតទឹកត្នោត។ 

ជាមួយគ្នានោះ​ អគ្គនាយករង ក៏បានណែនាំដល់សាខា ក.ប.ប. រាជធានី ខេត្ត ដើរតួនាទីក្នុងការណែនាំទៅកាន់អ្នកឡើងត្នោត និងអ្នកផលិតទឹកត្នោត និងយកសំណាកគំរូទឹកត្នោត និងស្ករត្នោត រួចបញ្ជូនមកនាយកដ្ឋានមន្ទីរពិសោធន៍ ដើម្បីធ្វើតេស្តរកសារធាតុស៊ុលហ្វី ដើម្បីធានាសុវត្ថិភាពលើផលិតផលទឹកត្នោត និងស្ករត្នោត ជាពិសេសគឺដើម្បីការពារសុវត្ថិភាព សុខុមាលភាពអ្នកប្រើប្រាស់៕

ដោយ​៖សហការី​


ចែករំលែក៖