ខេត្តរតនគិរី៖ រថយន្តឡិចស៉ីសRX 350 ១គ្រឿងត្រូវបានសាខាគយចុះរឹបអូសយកមករក្សាទុកនៅស្នាក់ការគយសង្ស័យគ្មានបង្កាន់ដៃពន្ធនាំចូល។
ហេតុការណ៍នេះបានធ្វើឡើងនៅវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។
យោងតាមរបាយការណ៍បានឲ្យដឹងថា កម្លាំងកងរាជ អាវុធហត្ថខេត្តចំនួន៤នាក់ សហការជាមួយសាខាគយនិងរដ្ឋាករខេត្តរតនគិរី ចុះឃាត់រថយន្តចំនួន១គ្រឿង ម៉ាកTOYOTA LEXUS RX 350 ពណ៌ប្រផេះ ផលិតឆ្នាំ2007 ពាក់ស្លាកលេខភ្នំពេញ 2AP-9074 លេខតួ JTJHK31U872016877 កំពុងចតនៅលេីដងផ្លូវ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្ត រតនគិរី សង្ស័យគ្មានបង្កាន់ដៃពន្ធនាំចូល។
បច្ចុប្បន្ន រថយន្តត្រូវបានរឹបអូសយកមករក្សាទុកនៅសាខាគយនិងរដ្ឋាករខេត្តរតនគិរី ជាបណ្ដោះអាសន្ន។
ទាក់ទិនបញ្ហាខាងលើនេះ សារព័ត៌មានបានសុំការពន្យល់ពីលោក ហៀល ទូច ប្រធានស្នាក់ការសាខាគយនិងរដ្ឋាករខេត្តរតនគិរី នៅល្ងាចថ្ងៃទី២៥វិច្ឆិកានេះ ដោយទូរស័ព្ទរបស់លោកជាប់រវល់រហូត។
កាលពីមុនលោកក៏ធ្លាប់ប្រាប់សារព័ត៌មានក្នុងស្រុកថា ករណីរថយន្តគ្មានបង្កាន់ដៃពន្ធនាំចូល ហើយឲ្យម្ចាស់ចូលខ្លួនមកបង់ពន្ធតាមនីតិវិធីច្បាប់៕
ដោយ៖ សូរិយា