តំណាងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបានព្រមានថា ប្រសិនបើអុីស្រាអែលពិតជាបានធ្វើឱ្យជន់លិចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីបដោយទឹកសមុទ្រនោះ សកម្មភាពនេះនឹងបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាមដែលមិនអាចប្រកែកបាន។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៨ ខែធ្នូ តំណាងអចិន្ត្រៃយ៍ទីមួយរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyansky បានព្រមានថា ប្រសិនបើអុីស្រាអែលពិតជាធ្វើឱ្យជន់លិចប្រព័ន្ធផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាមែន នេះពិតជាទង្វើដ៏ឃោរឃៅនិងជាឧក្រិដ្ឋកម្មសង្គ្រាម។
លោក Dmitry Polyansky បានបញ្ជាក់ថា “ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលអំពីចេតនារបស់អុីស្រាអែលក្នុងការធ្វើឱ្យជន់លិចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ជាមួយនឹងទឹកសមុទ្របានរីករាលដាលយ៉ាងទូលំទូលាយ។ យោងតាមព័ត៌មាន កងកម្លាំងការពារអុីស្រាអែលបានសាងសង់ប្រព័ន្ធបំពង់និងម៉ាស៊ីនបូមទឹកសមុទ្រ។ បច្ចុប្បន្នអុីស្រាអែលកំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីភាពជាក់ស្តែងនៃផែនការខាងលើ ។
លោកបានសង្កត់ធ្ងន់ថា៖ «ជំហានបែបនេះប្រសិនបើបានធ្វើនឹងក្លាយជាឧក្រិដ្ឋកម្មសង្គ្រាមដែលមិនអាចប្រកែកបាន»។ លោក Polyansky បានពន្យល់ថា ទឹកសមុទ្រដែលអុីស្រាអែលចង់បូមឱ្យជន់លិចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់នឹងបំពុលទឹកក្រោមដីនៅតំបន់ហ្គាហ្សាស្ទ្រីប និងធ្វើឱ្យតំបន់នេះមិនមានមនុស្សរស់នៅ។ លោកក៏បានចោទប្រកាន់អុីស្រាអែលថាបានប្រើកម្លាំងមិនរើសអើង និងវាយប្រហារលើគោលដៅដែលការពារដោយច្បាប់មនុស្សធម៌។
លោក Polyansky ក៏បានសម្តែងការសង្ស័យថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នឹងចាត់វិធានការណាមួយប្រឆាំងនឹងអុីស្រាអែល ព្រោះថា ICC នឹងមិន “ប្រឆាំងនឹងចៅហ្វាយនាយរបស់លោកខាងលិចរបស់ពួកគេ”។ បែរជាមើលមិនឃើញនូវអ្វីដែលលោកហៅថាអំពើឃោរឃៅរបស់លោកខាងលិចនៅអុីរ៉ាក់ អាហ្វហ្គានីស្ថាន និងលីប៊ី៕
ដោយ៖ ធីរីណា(រូបថត៖ AFP)