ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីបានជាគណ:កម្មការដេញថ្លៃភាស៊ីខេត្តស្ទឹងត្រែងដេញលោកជា គួង មិនឲ្យចូលរួមដេញថ្លៃចំណតរថយន្ត គឺដោយសារមានសាច់ញាតិរបស់លោកខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចូលដេញថ្លៃដែរ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមរឿងចាប់អ្នកចូលរួមដេញថ្លៃចំណតរថយន្តនៅខេត្តស្ទឹងត្រែង ត្រូវប្រភពគណនីហ្វេសប៊ុកមួយលើកឡើងថា ដោយសារចំណតរថយន្តខេត្តស្ទឹងត្រែងនេះគ្រប់គ្រងដោយគ្រួសារ សាច់ញាតិលោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្ទឹងត្រែងច្រើនទសវត្សរ៍មកហើយ ។

ការភ្ញាក់ផ្អើលនេះ គឺនៅពេលមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង រៀបចំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទក្នុងខេត្តស្ទឹងត្រែងសម្រាប់ការធ្វើអាជីវកម្ម ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១២ ខែធ្នូឆ្នាំ២០២៣ ។

តាមឯកសារដាក់ពាក្យចូលដេញថ្លៃរបស់ លោក ជា គួង ទោះបីមានឯកសារចូលរួមដេញថ្លៃក៏ដោយ បើសិនលោកជា គួង មិនមានលក្ខណ:គ្រប់គ្រាន់ចូលរួមដេញថ្លៃ ហេតុអីទទួលពាក្យគាត់ចូលរួមដេញថ្លៃ?

ទោះបីយ៉ាងណា ក្នុងពេលដេញថ្លៃភាស៊ីនៅមន្ទីរហិរញ្ញវត្តុខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១២ ខែធ្នូឆ្នាំ២០២៣កន្លងមក លោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានបញ្ជាក់ថា ឈ្មោះជា គួង ដែលបានមកទិញពាក្យចូលរួមដេញថ្លៃគណៈកម្មការថ្នាក់ខេត្តមិនបានអនុញ្ញាតឱ្យដេញថ្លៃទេ ព្រោះកន្លងមកឈ្មោះនេះធ្វើការអនុវត្តការងារភាស៊ីក្នុងខេត្តមិនមានភាពប្រក្រតី ដូចជាផ្នែកកុងស៊ីសត្តឃាត និងការវិនិយោគផ្នែកបរិស្ថានក្នុងខេត្តជាដើម ទើបក្រុមគណៈកម្មការចម្រុះថ្នាក់ខេត្តសម្រេចមិនឱ្យចូលដេញថ្លៃព្រោះកន្លងមកបានបង្កភាពលំបាករួចមកហើយ។

    លោក ស៊ី សួន  អភិបាលរងខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ចំពោះអាជីវករមិនបានចូលដេញថ្លៃព្រោះគណៈកម្មការបានកំណត់គោលការណ៍ច្បាស់សាល់មិនអាចធ្វើទៅតាមតែការចង់បាននោះទេ ព្រោះវាបង្កផលលំបាកនិងធ្វើឱ្យមានភាពស្មុគស្មាញនិងប៉ះពាល់ដល់ផ្នែកសន្តិសុខក្នុងខេត្តទើបគណៈកម្មការចម្រុះសម្រេចមិនឱ្យឈ្មោះជា គួងចូលដេញថ្លៃភាស៊ីនៅខេត្តស្ទឹងត្រែងនេះ។

លោកជា  គួង អាជីវករ ត្រូវសមត្ថកិច្ចនាំខ្លួនចេញពីបរិវេណដេញថ្លៃភាស៊ីនេះ បានបញ្ជាក់ថា៖ លោកមកដាក់ពាក្យដេញថ្លៃភាស៊ីបេនឡាននៅស្ទឹងត្រែងនេះគឺមានបំណងល្អចង់ឱ្យបានចំណូលខ្ពស់ចូលរដ្ឋតែប៉ុណ្ណោះ មិនត្រូវយករឿងចាស់ មកកកូរកកាយ បង្កឱ្យមានបញ្ហានិងហាមឃាត់មិនឱ្យដេញថ្លៃនោះទេ។

លោក ជា គួង បានសំណូមពរឱ្យគណៈអភិបាលខេត្តស្ទឹងត្រែងពិនិត្យរឿងនេះឡើងវិញដើម្បីជួយរកថវិកាជួនជាតិឱ្យមានភាពរីកចម្រើននិងធ្វើឱ្យការដេញថ្លៃភាស៊ីនេះមានភាពសុក្រឹតផងដែរ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖