ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ! ចេញប្រកាសស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារបស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ! ចេញប្រកាសស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារបស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ សម្រេច ៖ 

ប្រការ១ ៖ ត្រូវបានបង្កើត និងដាក់ឱ្យប្រើប្រាស់នូវនិមិត្តសញ្ញារបស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃជា ផ្លូវការ ដូចមាននៅក្នុងឧបសម្ព័ន្ធ នៃប្រកាសនេះ។

អគ្គាធិការដ្ឋានសរសេរជាអក្សរកាត់ថា “អ.ធិ» និងឈ្មោះជាភាសាអង់គ្លេសថា General Department of Inspection សរសេរជាអក្សរកាត់ថា “GDI-។

ប្រការ២ ៖ និមិត្តសញ្ញារបស់អគ្គាធិការដ្ឋាន មានរូបភាព និងអត្ថន័យ ដូចខាងក្រោម៖ មានទម្រង់ជារង្វង់មូល

– រូបភាពព្រះនារាយណ៍មានដៃបួន មានរូបពណ៌មាស ដៃឆ្វេងខាងលើកាន់ ខ្យងស័ង្ខ ដៃឆ្វេង ខាងក្រោមកាន់សៀវភៅ ដៃស្តាំខាងលើកាន់ត្រីសូល៍ ដៃស្តាំខាងក្រោមកាន់ដំបង

– រូបពណ៌មាស តំណាងឱ្យពន្លឺនៃវិជ្ជាអប់រំបញ្ញា ប្រាជ្ញាស្មារតី គុណតម្លៃ កងកម្លាំង និង

ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា និងមានទទឹង ២ ភាគ ៣ នៃបណ្តោយ

– ពន្លឺកាំរស្មីឆព្វណ្ណរង្សីស្ថិតនៅពីលើគេ តំណាងឱ្យគំនិត ប្រាជ្ញា ស្មារតី

– ផ្ទៃពណ៌ស តំណាងឱ្យភាពបរិសុទ្ធ ភាពស្អាតស្អំ សន្តិភាព និងសាសនា

– ផ្ទៃកងចក្រពណ៌ខៀវ តំណាងឱ្យភាពជឿជាក់ សេចក្តីស្មោះត្រង់ ការទទួលខុសត្រូវ និង ភាពអំណត់ព្យាយាម ឯកភាព ឧត្តមភាព ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្ត

– ក្បាច់ភ្លឺភ្លើង ឬកន្ទុយនាគ តំណាងឱ្យអានុភាពខ្លាំងក្លា អង់អាចក្លាហាន

– បល្ល័ង្កបីជាន់សម្រាប់ទ្រ តំណាងឱ្យព្រះធរណី អាជ្ញាធរដែនដី និងនគរបាលជាតិ

– ក្បាច់ផ្កាភ្ញីចម្រុះជុំវិញបល្ល័ង្កតំណាងឱ្យអរិយធម៌ វប្បធម៌ និងភាពថ្កុំថ្កើងរុងរឿង

– ដៃឆ្វេងកាន់សៀវភៅ តំណាងឱ្យច្បាប់ លិខិតបទដ្ឋាន ការកត់ត្រា តាក់តែង ប្រមូលផ្តុំ ចងក្រងរាល់ឯកសារគតិយុត្តផ្សេងៗ ឱ្យមានលក្ខណៈសមស្របទៅតាមលក្ខខណ្ឌ នៃ ច្បាប់របស់សង្គមជាតិ

– ដៃឆ្វេងកាន់ខ្យងស័ង្ខ តំណាងឱ្យធាតុទឹក ភាពត្រជាក់ត្រជុំ សេចក្តីសុខក្សេមក្សាន្ត សុភមង្គល

– ដៃស្តាំកាន់ត្រីសូល៍ និងដំបង តំណាងឱ្យតេជៈ សិទ្ធិអំណាច តួនាទី ភាវៈល្អ រក្សាការពារ និងកសាង

– ក្បាច់ផ្កាចន្ទន៍ ជានិមិត្តរូបតំណាងឱ្យនារីខ្មែរ គឺនាងនាគ ដែលជាម្ចាស់ទឹកដី នៃ ដែនសុវណ្ណភូមិខ្មែរ និងបានបង្ហាញពីការប្រឹងប្រែងតស៊ូ ក្លាហានរបស់បុព្វបុរសខ្មែរ

– នៅផ្នែកខាងលើមានអក្សរមូល រាងកោង សរសេរថា “អគ្គាធិការដ្ឋាន”

– នៅផ្នែកខាងក្រោមមានអក្សរមូល រាងកោង សរសេរជាភាសាអង់គ្លេសថា

« GENERAL DEPARTMENT OF INSPECTION »

និមិត្តសញ្ញាដែលមានខ្លឹមសារដូចបានចែងខាងលើ ត្រូវបានកំណត់នៅក្នុងឧបសម្ព័ន្ធ នៃប្រកាសនេះ។

ប្រការ៣៖ និមិត្តសញ្ញារបស់អគ្គាធិការដ្ឋានត្រូវបានប្រើប្រាស់ជាផ្លូវការ ដូចខាងក្រោម!

– ដាក់នៅកន្លែងធ្វើការងាររបស់អគ្គាធិការដ្ឋាន

– ភ្ជាប់នៅលើដៃអាវខាងឆ្វេង នៃឯកសណ្ឋានរបស់មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល ទាំងអស់ចំណុះអគ្គាធិការដ្ឋាន

– ប្រើប្រាស់ក្នុងពិធីនានា និងក្នុងករណីផ្សេងៗទៀត។

ប្រការ៤ ៖ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៥ ៖ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អត្តាធិការ នៃអគ្គាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយក នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយក នៃ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រធាន នាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវទទួលបន្ទុកអនុវត្ត តាមប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖