ភ្នំពេញ ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ជិះរថយន្ត Jeep overland ពាក់ស្លាកលេខភ្នំពេញ 2CB-9963 បុកមនុស្សស្លាប់ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន។ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួននេះ ខ្ញុំនឹងជូនព័ត៌មានបន្ថែមតាមក្រោយទៀត។ ”
សូមជម្រាបថា រថយន្ត Jeep overland ពាក់ស្លាកលេខភ្នំពេញ 2CB-9963 បេីកបុកជនរងគ្រោះ ជិះម៉ូតូបណ្ដាលអោយស្លាប់នៅ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣ ម្ចាស់រថយន្តឈ្មោះ សុខ លីណា ជាប្រពន្ធលោកមេធាវី ព្រហ្ម វិចិត្រសុភា មានទីលំនៅផ្ទះលេខ ៥២ដេ ផ្លូវលេខ ៦៣ ភូមិ ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ចំពោះអ្នកបេីកបររថយន្តបុកគេស្លាប់នេះ ត្រូវបានគេសង្ស័យថាជាកូនប្រុស លោកស្រី សុខ លីណា ព្រោះតាម ឯកសារដែលសមត្ថកិច្ចរកឃើញក្នុងរថយន្ដមានឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ធ្វេីការនៅ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ។
សូមរំលឹកថា បុរសម្នាក់បានស្លាប់នៅមុខហាងមួយកន្លែងយ៉ាងអាណោចអាធ័ម បន្ទាប់ជិះម៉ូតូមួយគ្រឿងត្រូវបានរថយន្តស៊េរីទំនើបម៉ាកJeepបើកបុកនៅត្រង់ចំណុចផ្លូវបំបែកជាបួនកិនអូស ជិត៣០ម៉ែត្រ និងបុកបង្គោលផ្លាកសញ្ញាចរាចរណ៍មួយដើមទៀតបណ្តាលឲ្យបាក់ កាលពីវេលាម៉ោង ១០ និង ៣០នាទីយប់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣នៅតាមបណ្តោយផ្លូវ ៥៦៦ កែងនឹងផ្លូវ ៣១៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ សៀង គឹម ហុង ភេទប្រុស អាយុ ២៩ឆ្នាំ អាសយដ្ឋានស្នាក់នៅផ្ទះលេខ១១អឺ០ ផ្លូវ២៧ ភូមិ ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញរាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកJeepចំនួនពីរ គ្រឿងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2CB-9963 និងមួយគ្រឿងទៀតមិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣១៧ ទើសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួនកែងនឹងផ្លូវ៥៦៥ កន្លែងកើតហេតុខាងលើស្រាប់តែរថយន្តJeepមួយគ្រឿងដែលពាក់ស្លាកលេខភ្នំពេញ2CB-9963 បានជ្រុលចង្កូតបុកជាមួយម៉ូតូហុងដា clickមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1DF-5396ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៦៦ទិសដៅពីកើតទៅលិចចំពីចំហៀងពេញទំហឹងហើយកិនម៉ូតូអូសជិត៣០ ម៉ែត្រជាប់នៅក្រោមរថយន្តហើយទៅបុកនឹងបង្គោលផ្លាកសញ្ញាចរាចរណ៍មួយដើមទៀតបណ្ដាលឲ្យបាក់និងផ្លោងជនរងគ្រោះទៅមុខហាងមួយកន្លែងបែកក្បាលធ្លាយខួរស្លាប់នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ៌ម ។
ភ្លាមនោះគេឃើញមានបុរសបីនាក់ស្លៀកពាក់ស្អាតបាតសង្ស័យទើបនឹងចេញពីកម្មវិធីអ្វីមួយបានចុះពីលើរថយន្តបង្កមកមើលជនរងគ្រោះមួយសន្ទុះ ចំណែករថយន្តស៊េរីម៉ាកមួយគ្រឿងទៀតបានឈប់ចាំ។ក្រោយមកក្រោយមកក៏មានការភ្ញាក់ផ្អើលឆោឡោស្រាប់តែបុរសទាំងបីនាក់នោះបានឡើងជិះរថយន្តមួយJeepមួយគ្រឿងទៀតដែលឈប់ចាំគេចខ្លួនចេញពីកន្លែងកើតហេតុបាត់៕
ដោយ ៖ រ៉ារ៉ា