ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់នៅខណ្ឌទួលគោក បច្ចុប្បន្នសមត្ថកិច្ចទទួលបានដីកាពីតុលាការឱ្យស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យមកចាត់ការតាមនីតិវិធី។
ពាក់ព័ន្ធករណីនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ត្រីជំនាញស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យនៅថ្ងៃបន្ទាប់ពីកើតហេតុមកម្ល៉េះ។ ប៉ុន្តែជនសង្ស័យបានគេចខ្លួន ក្រោយមកសមត្ថកិច្ចជំនាញបានស្រាវជ្រាវរកសាវតារជនសង្ស័យ ដើម្បីសុំដីកាពីតុលាការតាមចាប់ឃាត់ខ្លួន។
ចាំមើលតើជនបង្កអាចគេចពីសំណាញ់ច្បាប់ទេ បើគាត់មានចរិកពាលដល់ក្រុមគ្រួសារសពជនរងគ្រោះ បន្ទាប់ពីចូលបុណ្យ ១០០០ ដុល្លារ ។
សូមបញ្ជាក់ថា៖ ព្រះរាជអាជ្ញា ចេញដីកាបញ្ជាឲ្យចូលខ្លួន អ្នកបើកឡានបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្កា ក្រោយបុកជនរងគ្រោះជាមន្រ្តីរាជការម្នាក់ស្លាប់ នៅខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣!
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា លោកបានបញ្ជាឲ្យសមត្ថកិច្ចជំនាញតាមស្វែងរកចាប់ជនបង្ក ចាត់ការតាមនីតិវិធី!
សូមបញ្ជាក់ថា ករណីនេះត្រូវបានចែកចាយតាមបណ្តាញសង្គមយ៉ាងខ្លាំង ក្រោយមានការរិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ មន្ត្រីរាជការ ៕
ដោយ ៖ សហការី