ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការធ្វើពិពិធកម្មទីផ្សារ ជួយយើងមិនឱ្យស្លាប់ក្រឡា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការធ្វើពិពិធកម្មទីផ្សារ នឹងជួយយើងមិនឱ្យស្លាប់ក្រឡា ដែលជាក់ស្ដែងយើងនាំចេញទៅអាមេរិកទៅអឺរ៉ុបច្រើន ប៉ុន្តែយើងក៏ចាប់ផ្តើមនាំចេញទៅតាមប្រទេសផ្សេងៗទៀតនៅលើពិភពលោកផងដែរ។ ឥឡូវនេះយើងបង្កើនមុខព្រួញទៅកាន់បណ្ដាប្រទេសអារ៉ាប់ និងប្រទេសផ្សេងៗទៀតដើម្បីនាំចេញកសិផលរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ប្រទេសខ្លះទាមទារស្តង់ដារខ្ពស់ ដូច្នេះផលិតផលប្រទេសយើងមិនអាចនាំចេញទៅកាន់ប្រទេសទាំងនោះបានទេ។ ប៉ុន្តែយើងមិនស្លាប់ក្រឡាទេ ពោលគឺយើងត្រូវរកទីផ្សារផ្សេងទៀត ជួនកាលស្តង់ដារខុសគ្នា បើមិនបានលក់ ១០០ ក៏បានលក់ ១ ដែរ។ ហើយបើមិនបាននាំចេញទៅប្រទេសអ្នកមានដែលមានលទ្ធភាពទិញ ១០០ ក៏យើងអាចនាំចេញទៅប្រទេសតូចៗមួយចំនួនបានដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ ២០២៣ និងទិសដៅពាណិជ្ជកម្មឆ្នាំ ២០២៤» នៅទីស្តីការក្រសួងពាណិជ្ជកម្មរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

ទន្ទឹមគ្នានេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការរក្សាសក្តានុពលថ្មីនេះ ត្រូវតែបន្តធ្វើតទៅទៀត ជាពិសេសការបើកមុខព្រួញប្រទេសនាំចេញទៅតាមផលិតផលដែលយើងមានស្រាប់ ឬការបង្កើតផលិតផលថ្មីៗបន្ថែមជាដើម។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងពាណិជ្ជកម្ម ត្រូវសហការជាមួយភាគីពាក់ព័ន្ធ វិស័យឯកជន ដើម្បីពង្រឹងផលផលក្នុងស្រុកឱ្យមានគុណភាព និងស្ដង់ដារ សម្រាប់ជំរុញការនាំចេញ និងកាត់បន្ថយការនាំចូលទំនិញពីក្រៅប្រទេស។ សម្ដេចក៏ជំរុញចំពោះការចុះបញ្ជីម៉ាកផលិតផលខ្មែរ ក្នុងស្រុកឱ្យបានច្រើនបន្ថែមទៀតផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានថ្លែងថា ឆ្មាខ្មៅក៏ដោយសក៏ដោយឲ្យតែចាប់កណ្តុរបាន គឺឆ្មាទាំងអស់ន័យនេះសម្តេចចង់លើកឡើងថា អ្នកណាក៏ដោយ ក្រុមហ៊ុនណាក៏ដោយឲ្យតែលក់ផលិតផលខ្មែរចេញទៅក្រៅបានគឺសុទ្ធតែល្អទាំងអស់៕

ដោយ ៖ សហការី


ចែករំលែក៖