ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៤ជាន់ ៣០បន្ទប់ នៃវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៤ជាន់ ៣០បន្ទប់ នៃវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងជូនរង្វាន់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសA ចំនួន ៧៧រូប។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គភាពពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ រួមគ្នារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព បានល្អប្រសើរ រហូតសម្រេច បាននូវសមិទ្ធផលជាច្រើនក្នុងមូលដ្ឋានខេត្តបាត់ដំបង និងធ្វើឱ្យប្រជាពលរដ្ឋអាច រស់នៅប្រកបដោយសុខដុមរមនា និងសាមគ្គីភាព។

សម្តេច មានប្រសាសន៍បន្តថា វិស័យអប់រំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមាន ចំណេះដឹង មានសមត្ថភាព ភាពច្នៃប្រឌិត និងក្រមសីលធម៌ល្អ សំដៅរួមចំណែក ជួយបង្កើននូវកំណើនសេដ្ឋកិច្ចតាមរយៈការពង្រឹងភាពប្រកួតប្រជែង និងការលើក កម្ពស់ផលិតភាពដើម្បីអភិវឌ្ឍឧស្សាហកម្ម។ ស្របជាមួយគ្នានេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាប់ផ្តើមអនុវត្តនូវគោលនយោបាយសំខាន់ៗ ដោយ ផ្តោតលើការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និង ដាក់ចេញនូវវិធានគន្លឹះសម្រាប់ពង្រឹងគុណភាពសាលារដ្ឋចាប់ពីមត្តេយ្យសិក្សាដល់ មធ្យមសិក្សា ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព ស្របតាមយុគសម័យបច្ចេកវិទ្យា។ ទន្ទឹមនឹងនេះ ការកសាងជាអគារសិក្សានៅតាមសាលារៀនក៏ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ជាបន្តបន្ទាប់ សំដៅធ្វើយ៉ាងណាបំពេញនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមស្របលើវិស័យអប់រំ។ 

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងសម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងសប្បុរសជនដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ចូលរួមអភិវឌ្ឍវិស័យអប់រំនិងវិស័យផ្សេងៗ ជាច្រើនទៀតក្នុងខេត្តបាត់ដំបង ឱ្យបានកាន់តែប្រសើរជាលំដាប់។ 

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្ថែមថា ស្ថិតក្រោមការគង់ប្រថាប់ជាម្លប់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងតាមរយៈការអនុវត្តដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ចេញនូវ យុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណ ទាំងបួនដំណាក់កាល ព្រមទាំងគោលនយោបាយនិងផែនការយុទ្ធសាស្ត្រផ្សេងទៀត បានធ្វើឱ្យកម្ពុជាសម្រេចបាន នូវសមិទ្ធផលធំៗជាច្រើន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបានផ្លាស់ប្ដូរមុខមាត់ គួរជាទីមោទនៈ។ ឈរលើមូលដ្ឋាននៃសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក បាននិងកំពុង ជំរុញនិងលើកទឹកចិត្តដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីជំរុញកំណើន សេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និង រក្សាចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបាននូវគោលការណ៍នៃការកសាងជាតិ ស្របតាម ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ការរក្សាបាននូវសុខសន្តិភាព និងការសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនរហូត មកដល់ពេលនេះ មិនមែនជារឿងចៃដន្យនោះទេ គឺជាការសម្រេចចិត្តដោយមានការ គ្រោងទុកប្រកបដោយទស្សនៈវិស័យវែងឆ្ងាយពីជោគវាសនារបស់ប្រទេសជាតិឈរ លើមូលដ្ឋាននៃការពិភាក្សាស្រុះស្រួល សាមគ្គី ឯកភាពគ្នាយ៉ាងរឹងមាំ។

សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានមានប្រសាសន៍គូសបញ្ជាក់ថា សូមបន្តចូលរួមពង្រឹង និងថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ព្រមទាំងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សិទ្ធិសេរីភាពប្រជាពលរដ្ឋ និងពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា។ ជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើក កម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ពិសេសសកម្មភាពជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀន បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់តាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើង។ បន្តជំរុញសកម្មភាពត្រួតពិនិត្យ និងផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយពីការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនតាមគោលការណ៍ «បីកុំ មួយរាយការណ៍»។ សូមឱ្យអាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច បង្កើនវិធានការអប់រំដោយដើរទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅធ្វើយ៉ាងណាកាត់ បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅក្នុងកម្រិតអប្បបរមា ខណៈបញ្ហាគ្រោះថ្នាក់ ចរាចរណ៍នៅតែជាបញ្ហាប្រឈមក្នុងសង្គមដែលបណ្ដាលឱ្យមានមនុស្សស្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ។ ត្រូវយកចិត្តទុកដាក់និងត្រៀមជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ប្រជាពលរដ្ឋដែលមានការខ្វះខាត និងជនងាយរងគ្រោះនានា ដើម្បី លើកកម្ពស់សមធម៌ និងសុខុមាលភាពល្អប្រសើរ។ ផ្សព្វផ្សាយអប់រំឱ្យប្រជាពលរដ្ឋ ថែរក្សាសុខភាព អនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ឱ្យបានជាប់ជាប្រចាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

សម្តេចក្រឡាហោម សូមថ្លែងនូវអំណរគុណ និងកោតសរសើរចំពោះព្រះ ថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង សប្បុរសជន និង បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាធ្វើឱ្យពិធីនេះបានប្រព្រឹត្តទៅដោយរលូន ក្រោមបរិយាកាសប្រកបដោយសាមគ្គីភាព និងភាពរីករាយ។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញប្រគល់ម៉ូតូ១គ្រឿង និងបណ្ណសរសើរចំនួន១ ជូនសិស្សដែលទទួលបាននិទ្ទេស A ចំនួន ៧៧នាក់ នៃការប្រឡងសញ្ញាបត្រមធម្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៣ សម្រាប់ខេត្តបាត់ដំបង ៕

ដោយ ៖ សហការី


ចែករំលែក៖