ប្រទេសបារាំងកំពុងរៀបចំពង្រឹងសន្តិសុខជាមួយនឹងវិធានការដែលមិនធ្លាប់មានពីមុនមកសម្រាប់កីឡាអូឡាំពិករដូវក្តៅឆ្នាំ 2024 ។
យោងតាមក្រុមហ៊ុន Deutsche Welle (អាល្លឺម៉ង់) វិធានការសន្តិសុខមានន័យថា វានឹងពិបាកសម្រាប់មនុស្សក្នុងការដើរយ៉ាងស្រួលនៅតាមបណ្តោយស្ទឹងSeine នៅពេលល្ងាចរដូវក្តៅ ឬដើរទៅកាន់ Eiffel Tower ក្នុងអំឡុងការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីសនាពេលខាងមុខ។
ទីក្រុងនឹងត្រូវបែងចែកជាតំបន់ អ្នកទស្សនា និងសូម្បីតែអ្នករស់នៅក៏នឹងត្រូវការលេខកូដ QR សម្រាប់ការត្រួតពិនិត្យរបស់ប៉ូលិស។ ចរាចរណ៍នឹងត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង ហើយស្ថានីយរថភ្លើងក្រោមដីនឹងត្រូវបិទ។ អ្នកស្រុកណាដែលទទួលភ្ញៀវនៅក្នុងតំបន់ហាមឃាត់អាចត្រូវបានតម្រូវឱ្យចុះឈ្មោះ។
លោក Mathieu Zagrodzki សាស្ត្រាចារ្យផ្នែកសន្តិសុខផ្ទៃក្នុងនៃសាកលវិទ្យាល័យ Versailles បាននិយាយថា មានវិធានការមួយចំនួនដែលមិនពេញនិយម ហើយនោះជាមូលហេតុដែលមនុស្សជាច្រើននៅទីក្រុងប៉ារីសមិនសប្បាយចិត្តដែលព្រឹត្តិការណ៍អូឡាំពិកកំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុង។ យោងតាមលោក Zagrodzki ភារកិច្ចបន្ទាន់របស់ភ្នាក់ងារសន្តិសុខនៅក្នុងរដ្ឋធានីបារាំងគឺជាបញ្ហាប្រឈមដ៏ធំមួយ។
ឥឡូវនេះ ទីភ្នាក់ងារសន្តិសុខបារាំងកំពុងប្រើប្រាស់បណ្តាញសង្គមដើម្បីស្វែងរកមធ្យោបាយជួយមនុស្សរៀបចំផ្លូវចិត្តសម្រាប់វិធានការឃ្លាំមើល និងហាមប្រាមទ្រង់ទ្រាយធំ ដោយរួមបញ្ចូលនូវបញ្ញាសិប្បនិម្មិត (AI) ដែលនឹងត្រូវបានអនុវត្តនៅរដូវក្តៅក្រោយ។
ទោះបីជាមិនមានព្រឹត្តិការណ៍កីឡាអូឡាំពិកក៏ដោយ ប្រទេសបារាំងគឺជាគោលដៅញឹកញាប់នៃការវាយប្រហារភេរវកម្មក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលធំបំផុតដែលបានកើតឡើងនៅទីក្រុងប៉ារីសក្នុងឆ្នាំ 2015 និង Nice នៅឆ្នាំ២០១៦។
លោក Zagrodzki បាននិយាយថា នឹងមានមន្ត្រីប៉ូលិស 40,000 នាក់ និងមន្ត្រីសន្តិសុខឯកជនប្រហែល 20,000 នាក់ដែលកំពុងបំពេញកាតព្វកិច្ច បូករួមទាំងការគាំទ្រពីកងទ័ពផងដែរ៕ ដោយ៖ ធីរីណា
រូបថត៖ DPA