ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្តិបណ្ឌិត ស សុខា ៖ ខ្ញុំប្លែកចិត្តដែរ គេបុកមនុស្សស្លាប់ហើយរត់តាំងពីយប់ តែដល់ព្រឹកឡើងហើយនៅតែ ប្រធានការិយាល័យចរាចរណ៍រាជធានីភ្នំពេញ អត់ដឹងរឿង?

ចែករំលែក៖

ភ្នំពេញ ៖ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អាចមានកង្វះខាតព័ត៌មាន ឬការទទួល ខុសត្រូវ លើការងារ ទើបរងនូវការស្តីបន្ទោសពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្ងន់ៗ ដែលជា ការព្រមាន បញ្ឈប់វប្បធម៌ អន្តរាគមន៍ ធ្វើការអោយតែឃើញមាន វត្តមាន ។

តាមរយៈសារសំឡេង លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា :  ខ្ញុំប្លែកចិត្តដែរ គេបុកមនុស្សស្លាប់ហើយរត់តាំងពីយប់ តែដល់ព្រឹកឡើងហើយនៅតែ ប្រធានការិយាល័យចរាចរណ៍រាជធានីភ្នំពេញ អត់ដឹងរឿង?

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងទៀតថា, រឿងប្លែកដែរប្រធានការិយាល័យចរាចរណ៍ ភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍រឿងបុកតាំងពីម៉ោង៣ ម៉ោង៤ជាង រួចដល់ម៉ោងជិត 10 ជាង សួរទៅ ឯកឧត្តមស្នងការរាជធានីភ្នំពេញ លោកប្រធានការិយាល័យចរាចរណ៍ភ្នំពេញ អត់ដឹងថាគ្រោះថ្នាក់ចរាចរណ៍ស្លាប់ដល់ម្លឹងសោះ។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តថា, ចឹងខ្ញុំសូមអោយ មន្ត្រី ឬមួយអង្គភាពពាក់ព័ន្ធ ដែលទទួលការងារ ក្នុងការផ្ដល់ សេវាមួយដ៏កក់ក្តៅជូនដល់ប្រជាពលរដ្ឋ ត្រូវតែក្តាប់អោយបានព័ត៌មានទាំងអស់ហ្នឹង ពីព្រោះករណីបុករត់ មិនមែននៅសុខៗ បុករត់ទេ បើបុកពេលយប់ស្ងាត់ ក្នុងយប់អាធ្រាតជារឿងមួយ ប៉ុន្តែបុករត់ក្នុងទីប្រជុំជន មានកងកម្លាំងយើងទៅហើយ រួចរត់បាន មិនមែនជារឿងធម្មតាទេ ..! មានន័យថាមានទាំងអ្នកអន្តរាគមន៍ …បូកទាំងអ្នកដែល បានចុះទៅ គ្រាន់តែបំពេញកាតព្វកិច្ច ឃើញថាកងកម្លាំងបានចុះទៅមែន ប៉ុន្តែមិនបានឃាត់អ្នកដែលប្រព្រឹត្ត  ។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា, សម្តេចមហាបវរធិបតី បានលើកឡើងហើយ ឱ្យតែបុកស្លាប់ ឬមួយមានជាតិស្រវឹង វ៉ៃខ្នោះតែម្តង ។ លោកអភិសន្តិបណ្ឌិត ស សុខា កម្ពុជាយើងសំណាងហើយ ! បើនៅប្រទេសគេវិញ មិនចាំបាច់ដល់ថ្នាក់ស្រវឹង សូម្បីតែការបើកបរលើសល្បឿនកំណត់ ឧទាហរណ៍ថា កន្លែងហ្នឹង ឱ្យបើកត្រឹមល្បឿន ១២០ម៉ែត្រក្នុង១ម៉ោង តែបើកលើសដល់ទៅ ២០ ឬ៣០ គីឡូម៉ែត្រក្នុង១ម៉ោង គឺចាប់វ៉ៃខ្នោះហើយ ៕

ដោយ ៖ សុខ ខេមរា 


ចែករំលែក៖