ភ្នំពេញ ៖ លោករដ្ឋលេខាធិការក្រសួងព័ត៌មាន ឆាយ សុផល ជាអ្នកនិពន្ធសៀវភៅ ទាំងផ្នែក នយោបាយ សង្គម ទស្សនវិជ្ជា ស្រាវជ្រាវ ប្រវត្តិមេដឹកនាំ កម្ពុជា និងបរទេស មានថ្វីដៃប្រកបដោយពុទ្ធិ ហើយអតីតជាសាស្ត្រាចារ្យបង្រៀនផ្នែកសារព័ត៌មាន បានចែករំលែក! នូវបទពិសោធន៍ ដ៏មានអត្ថន័យបំផុត នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ពី ក្តីប្រាថ្នាមួយចំនួនគួរឱ្យអាម៉ាស់របស់មនុស្ស រួមមាន៖
– ខ្លួនល្ងង់ ប៉ុន្តែប្រាថ្នាគ្រប់គ្រងមនុស្ស។
– ខ្លួនកម្លៅ ប៉ុន្តែប្រាថ្នាប្រដៅអ្នកប្រាជ្ញ។
– ខ្លួនធ្វើទុក្ខបុកម្នេញគេ ប៉ុន្តែប្រាថ្នាមិនឱ្យគេរើបង្រះ។
– ខ្លួនធ្លាប់គាបស៊ី កោសរូស និងធ្វើបាបគេ ប៉ុន្តែប្រាថ្នាឱ្យគេរាប់អាន។
– ខ្លួនគ្មានគុណធម៌ ប៉ុន្តែប្រាថ្នាឱ្យគេគោរព។
– ខ្លួនអាត្មានិយម កំណាញ់ក្រៅតម្រា ប៉ុន្តែប្រាថ្នាឱ្យគេមកជុំ។
– ខ្លួនជាអ្នករមិលគុណ ប៉ុន្តែប្រាថ្នាឱ្យគេដឹងគុណ។
– ខ្លួនមិនដែលខ្វល់ពីគេ ប៉ុន្តែប្រាថ្នាឱ្យគេយកចិត្តដាក់ចំពោះខ្លួន។
– ខ្លួនប្រព្រឹត្តកំហុស ប៉ុន្តែប្រាថ្នាឱ្យគេទទួលខុសត្រូវជំនួស។
– ខ្លួននាំឱ្យគេប្រព្រឹត្តអបាយមុខ ប៉ុន្តែប្រាថ្នាឱ្យគេលើកតម្លៃ។
– ខ្លួនឆបោកគេ ប៉ុន្តែប្រាថ្នាឱ្យគេជឿ។
– ខ្លូនជាក្អែក ប៉ុន្តែប្រាថ្នាឱ្យគេហៅថាហង្ស។
– ខ្លួនជាអ្នកបំផ្លាញ ប៉ុន្តែប្រាថ្នាឱ្យគេហៅជាអ្នកសង្រ្គោះ។
– ខ្លួនជាអសុរកាយ ប៉ុន្តែប្រាថ្នាឱ្យគេហៅទេពអប្សរ។
– ខ្លួនជាអសុរា ប៉ុន្តែប្រាថ្នាឱ្យគេហៅ ព្រះឥន្ទ្រាធិរាជ។
– ខ្លួនលួចស្នាដៃគេ ប៉ុន្តែប្រាថ្នាឱ្យគេលើកទឹកចិត្ត។
លោករដ្ឋលេខាធិការបានបន្តថា ៖ **
សេចក្តីប្រាថ្នាទាំងនេះ ពេលខ្លះក៏បានដូចបំណង ប៉ុន្តែបានក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
**
លោកបន្តថា៖ មនុស្សជាអ្នកប្រាថ្នា ប៉ុន្តែប្រាជ្ញា ពុទ្ធិ អំពើល្អ និងទឹកចិត្តបរិសុទ្ធ ដោយប្រាសចាកអគតិទាំង៤ រួមទាំងវាសនាផង គឺជាអ្នកសម្រេច ៕
ដោយ ៖ សិលា