ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈចេញពីហូបអាហារនៅផ្ទះបងប្អូន ហើយបើកម៉ូតូត្រឡប់ទៅបន្ទប់ជួលវិញ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តនិងម៉ូតូបើកបញ្រ្ចាសទិសគ្នាបុកគ្នាចំពីមុខពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅផ្លូវបេតុង ក្បែរផ្សារព្រៃទា សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា សពមានឈ្មោះ មួង មាន អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រៃទា សង្កាត់សំរោងក្រោម មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតគេឃើញជនរងគ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1ID-2627 ជិះម្នាក់ឯងតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងមកត្បូង ខណៈបើកមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-0006 បើកដោយនារីម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នាពីត្បូងមកជើង ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឱ្យដួលអូសម៉ូតូទៅមុខជាច្រើនម៉ែត្រ ចំណែកឯបុរសជាម្ចាស់ម៉ូតូបានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ហើយភ្លាមនោះដែរ នារីជាអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំបន្តនៅប៉ុស្តិ៍នគរបាលសំរោងក្រោម។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ