ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញពីទិដ្ឋភាពបងប្អូន ពូមីង តាយាយ បានអញ្ជេីញទៅលេងកំសាន្តឆ្លងឆ្នាំថ្មី ឆ្នាំសាកល ២០២៤ នៅតាមបណ្តារាជធានី-ខេត្ត យ៉ាងសប្បាយរីករាយ ក្រោមម្លប់នៃសុខសន្តិភាព។
សូមជម្រាបជូនថា ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវអន្តរជាតិជាច្រើន បាននាំគ្នាសប្បាយរីករាយអបអរសាទរទទួលឆ្នាំថ្មី ឆ្នាំ២០២៤ នារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅមុខព្រះបរមរាជវាំង មាត់ទន្លេ រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ និងកោះពេជ្រ។
ក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី២០២៤នេះ ប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី មកពី បណ្តារាជធានី-ខេត្ត ត្រូវបានគេសង្កេតឃើញថាបានប្រមូលផ្ដុំគ្នាកម្សាន្តសប្បាយរីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិ នៅតាមទីកម្សាន្តនានា ដែលត្រូវបានរៀបចំយ៉ាងស្រស់ស្អាត តុបតែងលម្អដោយភ្លើងចម្រុះពណ៌ ។
រាត្រីរាប់ថយក្រោយ (Countdown) ឆ្នាំ២០២៤នេះ សាលារាជធានីភ្នំពេញ សហការជាមួយ ក្រុមហ៊ុននានា បានរៀបចំការប្រគំតន្ត្រី នៅតំបន់កោះពេជ្រ រៀបចំដោយអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ បាយ័ន នៅសួនច្បារបទុមវតី សួនច្បារសម្តេចតេជោ ហ៊ុន សែន និងទីតាំងផ្សេងទៀតផងដែរ។
ជាមួយនិងស្នាមញញឹមសប្បាយរីករាយ របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប នៅក្រោយវិបត្តិកូវីដ-១៩ គឺស្ថិតក្រោម ការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃ ម៉ឺងម៉ាត់ និងសម្រេចចិត្តត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កន្លងមកធ្វើឱ្យកម្ពុជាគ្រប់គ្រងបានជំងឺកូវីដ-១៩ និង បានបើកប្រទេស និងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញដោយសុវត្ថិភាព និងមាននិរន្តរ ភាព ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់ពេលបច្ចុប្បន្ន ៕
ដោយ៖ នគរវត្ត