ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុន៖ ស្លាប់កើនឡើងជិត៥០នាក់ដោយគ្រោះរញ្ជួយដី

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា អាជ្ញាធរជប៉ុនបានឱ្យដឹងនៅរសៀលថ្ងៃអង្គារនេះថា តួលេខអ្នកស្លាប់បានបន្តកើនដល់ ៤៨នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារចំតំបន់ភាគកណ្តាលប្រទេសជប៉ុនកាលពីមួយថ្ងៃមុន។
បន្ទាប់ពីអគារជាច្រើនបានដួលរលំ បូករួមជាមួយអគ្គិភ័យដែលបង្កឡើងក្រោយគ្រោះរញ្ជួយដី ខេត្ត Ishikawa ដែលទទួលរងគ្រោះខ្លាំងក្លាជាងគេ បានមើលឃើញ មនុស្សស្លាប់កើនដល់យ៉ាងហោច៤៨នាក់។ ទន្ទឹមគ្នានេះក៏មានសេចក្តីរាយការណ៍ពីការខូចខាតឬរលំអគារ ព្រមទាំងមនុស្សរងរបួស និងអ្នកជាប់ក្រោមគំនរបាក់បែក នៅតាមខេត្តដទៃទៀតផងដែរ ដូចជា Niigata, Toyama, Fukui និង Gifu។ កងកម្លាំងស្វ័យការពារ ត្រូវបានចល័តទៅកាន់តំបន់រងគ្រោះ ខណៈរដ្ឋាភិបាលជប៉ុន បានសន្យាបន្តផ្តល់ជំនួយបន្ថែមទៀត។
គ្រោះរញ្ជួយដីខ្លាំងៗបន្តបន្ទាប់គ្នា ក្នុងនោះរួមមានទាំងកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារជប៉ុន កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ គិតចាប់តាំងពីពេលនោះមក ជប៉ុនបានកត់ត្រាការកើតមានរំញ័រ សរុបយ៉ាងហោច១៥៥លើក។ អាជ្ញាធរជប៉ុនក៏បានប្រកាសអាសន្នពីរលកស៊ូណាមិផងដែរ ប៉ុន្តែនៅព្រឹកថ្ងៃអង្គារនេះ បានសម្រេចដកការប្រកាសអាសន្ននោះចេញវិញ៕ ដោយ៖ ធីរីណា

រូប​ថត​៖ CNN


ចែករំលែក៖