ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះថា៖ កម្លាំងសមត្ថកិច្ចនគរបាលអនុវត្តដីកាបង្គាប់ ឱ្យចាប់ខ្លួនជនត្រូវចោទនិងពិរុទ្ធជនចំនួន០២នាក់អនុវត្តតាមនីតិវិធី។
ប្រភពដដែលបន្តថា ជាក់ស្ដែងនៅថ្ងៃទី៥និងទី៦ ខែមករា ឆ្នាំ២០២៤នេះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលនគរបាលប្រឆាំងគ្រឿង បានដឹកនាំកម្លាំងក្នុងការិយាល័យអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រម ស៊េីបសួរនិងចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបងក្នុងនោះដីកាលេខ៤២៩ត.ព្រ ចុះថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៣ របស់លោកចាប តុលា ចៅក្រមស៊េីបសួរ និងលេខ៦១៩ត.ព្រ ចុះថ្ងៃទី២៤ខែ សីហា ឆ្នាំ២០២៣ របស់ចៅក្រមជំនុំជម្រះលោក សុខហេង ចៅក្រមសជំនុំជម្រះដោយបានចាប់ខ្លួនជនត្រូវចោទឈ្មោះ ជ គឹមលាង ហៅ តុកកែ ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិ-ឃុំ-ស្រុកថ្មគោល ខេត្តបាត់ដំបង ជាប់ចោទពីបទ ជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តិនៅភូមិអង់ជេីង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ខែសីហាឆ្នាំ២០២៣និងចាប់ខ្លួនឈ្មោះសុខ ជយ ភេទប្រុសអាយុ២៧ឆ្នាំរបស់នៅភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ប្រព្រឹត្តិបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង កាលពីថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២២។
បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំបញ្ជូន ជនត្រូវចោទនិងពិរុទ្ធជនទាំងពីរនាក់ទៅកាន់សាលាដំបូង ខេត្តបាត់ដំបង អនុវត្តតាមនីតិវិធី៕
ដោយ៖ អរុណរះ