ប្រទេសចិន៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាឱកាសដឹកនាំមន្ត្រីមួយក្រុមចុះទស្សនកិច្ចនៅក្រុងឈីងតាវ ខេត្តសានដុង ប្រទេសចិន បានដាក់ឈ្មោះថា «គោះទ្វារវិនិយោគ» ពោលជាដំណើរទស្សនកិច្ចមួយ ដើម្បីបញ្ចុះបញ្ចូល និងអូសទាញអ្នកវិនិយោគនៅក្រុងឈីងតាវ ឱ្យមកវិនិយោគនៅកម្ពុជា។ ការទស្សនកិច្ចនេះ មានរយៈប្រមាណ៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។
សូមជម្រាបជូនថា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះទស្សនកិច្ចនៅសម្ព័ន្ធ Sailun Group Co., Ltd. និងបានទស្សនាមន្ទីរពិសោធន៍ Stonelab សាលពិព័រណ៍មជ្ឍមណ្ឌលកៅស៊ូជាតិ ព្រមទាំងបានជួបពិភាក្សាជាមួយសម្ព័ន្ធ Sailun Group ដឹកនាំដោយលោក Yuan Zhongxue ក្រុមប្រឹក្សាភិបាលមជ្ឍមណ្ឌលកៅស៊ូជាតិ និងជាអគ្គនាយកសម្ព័ន្ធ Sailun និងមានការចូលរួមពី លោក Li Yongsen អគ្គនាយករងនៃគណៈកម្មការទំនាក់ទំនងការបរទេសខេត្តសានដុង និងលោក Li Xingwei លេខាបក្ស នៃសកលវិទ្យាល័យឈីងតាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (Qingdao University of Science and Technology)។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Sailun បានរៀបចំការទទួលគណៈប្រតិភូប្រកបដោយភាពកក់ក្ដៅ និងក្នុងកិច្ចប្រជុំនាព្រឹកនេះ ក្រុមហ៊ុនបានបង្ហាញចក្ខុវិស័យច្បាស់លាស់ក្នុងការបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការវិនិយោគកៅស៊ូជាតិកម្ពុជា ការសាងសង់រោងចក្រផលិតកែច្នៃកៅស៊ូ និងការសាងសង់សួនឧស្សាហកម្មក្នុងប្រទេសកម្ពុជាផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Sailun ដែលបានសម្រេចដាក់ទុនចូលមកវិនិយោគការផលិតសំបកកង់យានយន្តក្នុងប្រទេសកម្ពុជានាពេលកន្លងមក។ លោកឧបនាយករដ្ឋមន្ត្រី បានលើកបង្ហាញអំពីជំហររបស់កម្ពុជាក្នុងការបើកទទួលរាល់វិនិយោគិនទាំងអស់ និងពិសេសលើកទឹកចិត្តចំពោះក្រុមហ៊ុនក្នុងការពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីទិសដៅរបស់កម្ពុជាដែលចង់ឃើញមានការវិនិយោគលើវិស័យនានាច្រើននៅកម្ពុជា ដែលនេះស្រមទៅគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ការខិតខំឱ្យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយត្រូវប្ដូរមកប្រើធនធានបច្ចេកទេសខ្ពស់ ការប្រើប្រាស់បច្ចេកវិទ្យាជាដើម។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា កម្ពុជាមានសុខសន្តិភាពពេញលេញក្រោមការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការខិតខំថែរក្សាបន្តទៀតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលអនុញ្ញាតឱ្យសេដ្ឋកិច្ចកម្ពុជាអាចរីកចម្រើនបានក្នុងរង្វង់៧ភាគរយ មុនពេលកើតមានជំងឺកូវីដ១៩, ៥,៣ភាគរយក្នុងឆ្នាំ២០២៣ និងរំពឹងថាកើនឡើង៦,៣ភាគរយក្នុងឆ្នាំ២០២៤។ បន្ថែមពីលើនេះកម្ពុជាមានយុវជនវ័យក្មេងអាយុក្រោម២៥ឆ្នាំ ជាង៦០ភាគរយ ដែលកត្តាធនធានមនុស្សនេះនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត ស្របតាមគន្លឹះអាទិភាពរួមមានផ្លូវ ភ្លើង ទឹក ធនធានមនុស្ស និងបច្ចេកវិទ្យា។ ចំពោះហេដ្ឋារចនាសម្ព័ន កម្ពុជាមានផ្លូវតភ្ជាប់ពាសពេញផ្ទៃប្រទេស មានផ្លូវតភ្ជាប់ទៅប្រទេសជិតខាង ផ្លូវល្បឿនភ្នំពេញក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គម្រោងលើកកម្រិតផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងកែលម្អផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត គម្រោងសិក្សាផ្លូវដែកថ្មីភ្នំពេញ-បាវិត គម្រោងសាងសង់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ គម្រោងសាងសង់កំពង់ផែកំពត គម្រោងសាងសង់កំពង់កោះកុង គម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងផែនការមេភស្តុរភារកម្មជាដើម។
លើសពីនេះទៅទៀត រាជរដ្ឋាភិបាល បានចាត់ទុកផ្នែកឯកជនជាដៃគូរដ៏សំខាន់ ដោយក្នុងនោះមានរៀបចំបង្កើតក្រុមការងារចំនួន១៤ ពីវិស័យរដ្ឋនិងឯកជន ដើម្បីធ្វើការរួមគ្នាដោះស្រាយបញ្ហានានារបស់វិស័យឯកជន។ កម្ពុជាមានច្បាប់វិនិយោគដែលផ្ដល់ការលើកទឹកចិត្តដល់គ្រប់វិនិយោគិនដែលដាក់ទុនវិនិយោគនៅកម្ពុជា ហើយក្នុងនោះមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាអ្នកទាក់ទាញ សម្របសម្រួល និងថែទាំគម្រោងវិនិយោគទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់Sailun Group គឺក្រុមហ៊ុន Cart Tire Co., Ltd. បានកំពុងវិនិយោគគម្រោងកម្មន្ដសាលសំបកកង់យានយន្ត ក្នុងខេត្តស្វាយរៀង ប្រទេសកម្ពុជា ជាមួយទុនវិនិយោគនឹងឡើងដល់ប្រមាណ ៧០០លានដុល្លារអាមេរិក លើផ្ទៃដីប្រមាណ ១២០ហិចតា និងមានទីផ្សារនាំចេញទៅកាន់សហរដ្ឋអាមេរិក កាណាដា ម៉ាឡេស៊ី និងកូរ៉េខាងត្បូង បានបង្កើតការងារប្រមាណ ២ពាន់កន្លែង។ មជ្ឍមណ្ឌលកៅស៊ូជាតិ គឺជាមជ្ឈមណ្ឌលពិសោធន៍ និងស្រាវជ្រាវ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ និងធំបំផុតនៅក្នុងប្រទេសចិន៕
ដោយ៖ តារា