ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់យន្តហោះលើផ្លូវហាយវេក្នុងប្រទេសកេនយ៉ា សម្លាប់មនុស្ស៣នាក់នៅលើដី

ចែករំលែក៖

បន្ទាប់ពីយន្តហោះធុនស្រាលមួយគ្រឿងបានជួបឧបទ្ទវហេតុ ហើយត្រូវចុះចតជាបន្ទាន់នៅលើផ្លូវហាយវេក្នុងប្រទេសកេនយ៉ា មនុស្សទាំងបីនាក់នៅលើយន្តហោះបានរួចជីវិត ប៉ុន្តែអ្នករត់ម៉ូតូឌុបពីរនាក់និងអ្នកដំណើរម្នាក់នៅលើផ្លូវហាយវេបានស្លាប់។
ប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា មនុស្ស 3 នាក់នៅលើដីត្រូវបានស្លាប់នៅក្នុងទីក្រុងឆ្នេរសមុទ្រ Malindi នៃប្រទេសកេនយ៉ា នៅពេលដែលយន្តហោះធុនស្រាល Cessna 172 Skyhawk បានធ្វើការចុះចតជាបន្ទាន់នៅលើផ្លូវហាយវេMalindi-Mombasa កាលពីថ្ងៃទី 10 ខែមករា។
លោក Joseph Ongwae មេប៉ូលិសក្នុងតំបន់បាននិយាយថា យន្តហោះនេះបានជួបឧបទ្ទវហេតុភ្លាមៗបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន Malindi ហើយបានធ្លាក់ប្រហែល 2km ពីចំណុចចេញដំណើររបស់វានៅម៉ោងប្រហែល 14:52 ម៉ោងក្នុងស្រុក ។
បើតាមលោក Ongwae អ្នកបើកយន្តហោះ 1 នាក់ គ្រូបង្រៀន 1 នាក់ និងសិស្ស 1 នាក់នៅលើយន្តហោះនោះ ទាំងអស់បានរួចរស់ជីវិត ដោយគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។ ចំណែកអ្នករត់ម៉ូតូឌុប២នាក់និងអ្នករួមដំណើរម្នាក់ស្លាប់ ។
ខ្សែវីដេអូដែលចែកចាយតាមអនឡាញបង្ហាញពីផ្នែកខ្លះនៃយន្តហោះបែកបាក់នៅលើផ្លូវ ខណៈដែលផ្នែកខ្លះនៃតួយន្តហោះកំពុងឆេះ ដែលជាសញ្ញាបង្ហាញថាយន្តហោះដែលធ្លាក់នោះបានឆេះបន្ទាប់ពីបុក។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលកេនយ៉ា (KCAA) បានបើកការស៊ើបអង្កេតលើមូលហេតុនៃការធ្លាក់យន្តហោះនេះ៕

ដោយ៖ ធីរីណា(រូបថត​៖ AP)


ចែករំលែក៖