ខេត្តបន្ទាយមានជ័យ៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលស្មារតីនៃអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងប្រកាសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យក្រោមវត្តមានចូលរួមពីក្រុមការងារគ្រប់ថ្នាក់ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំការសួរសុខទុក្ខ និងជូនពរជ័យមហាប្រសើរពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិកគណបក្ស និងក្រុមការងារទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ និងសូមគោរពជូនពរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍៤៨ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ (០៥.មករា.១៩៧៦- ០៥. មករា.២០២៤)។
ថ្លែងក្នុងនាមសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា នាឱកាសនោះដែរ លោក កែ គឹមយ៉ាន បានថ្លែងនូវការគោរពដឹងគុណ និងសេចក្តីស្រឡាញ់ដ៍ជ្រាលជ្រៅបំផុត ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សដែលបានលះបង់នូវធនធាននិងកម្លាំងកាយចិត្តចូលរួមដើរតាមមាគ៌ាបក្សនិងរដ្ឋនាំភាពសុខសាន្តនិងការរីកចម្រើនជូនប្រជាពលរដ្ឋ។និងស្វាគមន៍លោក ឌិត ទីណា ដែលទទួលបានការចាត់តាំងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ រួមនិងសមាជិក សមាជិកាក្រុមការងារគណបក្សដែលទើបទទួលការចាត់តាំងថ្មីដើម្បីរួមគ្នាជួយអភិវឌ្ឍន៍ខេត្តឱ្យរីកចម្រើនកាន់តែឆាប់រហ័ស។
ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានថ្លែងបន្តថា ការផ្សព្វផ្សាយលទ្ធផលស្មារតីនៃអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សនាពេលនេះ ដើម្បីឱ្យសមាជិកគណបក្សបានយល់ដឹងកាន់តែច្បាស់និងបន្តចូលរួមអនុវត្តបានកាន់តែប្រសើរនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ហើយក្រុមការងារទាំងអស់ត្រូវបន្តបម្រើប្រជាពលរដ្ឋឲ្យបានល្អផ្តល់សេវាឆាប់រហ័ស ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ហើយក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០២៤នេះ សូមជូនពរមានសុខភាពល្អបរិបូរណ៌ បន្តសម្រេចលទ្ធផលថ្មីៗបន្ថែមទៀត៕
ដោយ៖ តារា