ភ្នំពេញ៖ អ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើង នៅល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ថា, លោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នេះ បានសម្រេចចោទប្រកាន់ក្រុមសិស្ស ៥នាក់ ដែលបានព្រួតគ្នា វាយសិស្សស្រីម្នាក់ នៅខណ្ឌកំបូល រាជធានីភ្នំពេញ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ដោយមានមនុស្សច្រើន ក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិត តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
លោក វ៉ិត មឃៈ អ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានបន្តថា, តាមនីតិវិធី ក្រោយការចោទប្រកាន់ពីតំណាងអយ្យការ ពាក់ព័ន្ធសំណុំរឿង នឹងត្រូវគេបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្តចំណាត់ការតាមផ្លូវច្បាប់ ហើយជោគវាសនារបស់ជនត្រូវចោទ ដែលក្រុមសិស្សសាលា អាយុចាប់ពី ១៦ឆ្នាំ ដល់ ១៨ឆ្នាំ សរុប ៥នាក់នេះ នឹងត្រូវចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួន ឬមិនឃុំខ្លួន ដាក់ពន្ធនាគារ នៅថ្ងៃស្អែក បន្ទាប់ពីធ្វើការសាកសួរ។
សូមបញ្ជាក់ថា : ក្រុមសិស្សបង្កហិង្សាទាំង ៥នាក់នោះ មានឈ្មោះ
១-អាត សំណាង ហៅ Cherry ភេទប្រុស អាយុ ១៨ឆ្នាំ ( ភេទទី៣ ) ជាអ្នកវាយលើជនរងគ្រោះ។
២- ហូ ម៉ូលុច្ស ភេទស្រី អាយុ ១៨ឆ្នាំ ជាអ្នកថត។
៣-យាន រស្មី ភេទស្រី អាយុ ១៦ឆ្នាំ ជាអ្នកវាយលើជនរងគ្រោះ។
៤-គង់ ស៊ីណា ភេទស្រី អាយុ ១៧ឆ្នាំ ជាអ្នកថត។
និង៥-ឈ្មោះ សំណាង ពិសី ភេទស្រី អាយុ ១៦ឆ្នាំ ជាអ្នកដឹកជនរងគ្រោះ និងជាអ្នកចាក់រុក។
បើតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ បានកំណត់ថា «អំពើហិង្សាដោយចេនា ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល កាលបើអំពើហិង្សានេះ បានប្រព្រឹត្តដោយមានការគិតទុកជាមុន ដោយប្រើអាវុធ ឬគំរាមកំហែងនឹងអាវុធ និងដោយមានមនុស្សច្រើននាក់ ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត»។
សូមរម្លឹកថា កាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ តាមបណ្តាញសង្គម បានចែកចាយវីដេអូដែលបង្ហាញពីសកម្មភាពសិស្សសាលាមួយក្រុម បានព្រួតវាយសិស្សស្រីម្នាក់ នៅដីវាលមួយកន្លែង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមរយៈវីដេអូនោះ សិស្សប្រុសម្នាក់ ជាប្រុសចរិកស្រី និងបក្ខពួក ជាសិស្សស្រីម្នាក់ទៀត បានប្រើប្រាស់អំពើហិង្សា វាយទាត់ធាក់ ទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់ ខណៈដើមចមនៃរឿងរ៉ាវនេះមិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីនោះទេ។ ប្រុសចរិកស្រី បាននិយាយថា គេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែន ចាក់អង្រែ។
ក្រោយបែកធ្លាយខ្លិបវិដេអូនោះ ក្រុមសិស្ស ៤នាក់ បានជិះម៉ូតូរត់គេចពីភ្នំពេញ ទៅខេត្តព្រះសីហនុ ហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបានទាំងយប់ នៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមរម្លឹកថា ; កន្លងមក ករណីសិស្សសាលាប្រើហិង្សា វាយលើសិស្សសាលា ហើយថតវិដេអូ បង្ហោះហ្វេសប៊ុកនេះ បានកើតឡើងយ៉ាងហោចណាស់ ២ករណីហើយ នៅភ្នំពេញ។ ក្នុងនោះ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីហិង្សា បង្កឡើងដោយក្រុមសិស្សស្រី ៤នាក់ ព្រួតគ្នា វាយលើសិស្សស្រីម្នាក់ នៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងរាជធានីភ្នំពេញ។ បន្ទាប់មកក៏មានការចែកចាយនូវវីដេអូ និងរូបភាពសិស្សស្រីមួយក្រុម នៅវិទ្យាល័យបាក់ទូក បានព្រួតគ្នាវាយសិស្សស្រីម្នាក់ទៀត កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ បានគាំទ្រ ចំពោះចំណាត់ការ របស់របស់សមត្ថកិច្ច បានបង្ក្រាប ទាន់ពេលវេលា ដើម្បីទប់ស្កាត់ នូវអំពើដែលប្រព្រឹត្ត ដោយក្មេងទំនើង គ្មានអាណិតអាសូរ ឪពុកម្តាយ អាណាព្យាបាល ដែលខិតខំប្រឹងប្រែងដើម្បីកូន ផ្ទុយទៅវិញ ពួកគេ សេពគប់ ជាមួយ តែក្មេង គ្មានសីលធម៌ ហើយសង្គម ស្អប់ខ្ពើមបំផុត ។ ពួកគេសម នឹងទទួល ទោសទណ្ឌ ដើម្បី ជា ប្រយោជន៍ លុបបំបាត់ និទណ្ឌភាព នៃបទល្មើស ក៏ដូចជា ការពារ យុវជន យុវតី ក្លាយជា ធនធានមនុស្ស ដ៏ល្អ ក្នុងសង្គមជាតិ៕
ដោយ ៖ សិលា