ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ តំណាងអយ្យការ ចោទប្រកាន់​ក្រុមសិស្ស ៥នាក់ ដែលព្រួតវាយសិស្សស្រីម្នាក់ ពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់​ទោស» បទចោទប្រកាន់នេះ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ត្រូវប្រឈម​នឹង​​ទោស​ជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើង នៅល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ថា, លោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នេះ បានសម្រេចចោទប្រកាន់ក្រុមសិស្ស ៥នាក់ ដែលបាន​ព្រួតគ្នា វាយសិស្សស្រីម្នាក់ នៅខណ្ឌកំបូល រាជធានីភ្នំពេញ​ ពីបទ «ហិង្សាដោយចេតនា​មានស្ថានទម្ងន់ទោស» ដោយមានមនុស្សច្រើន ក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិត តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

លោក វ៉ិត មឃៈ អ្នកនាំពាក្យ​ស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានបន្តថា, តាមនីតិវិធី ក្រោយការចោទប្រកាន់ពីតំណាងអយ្យការ ពាក់ព័ន្ធសំណុំរឿង​ នឹងត្រូវគេបញ្ជូនទៅ​ចៅក្រមស៊ើបសួរ ដើម្បីបន្តចំណាត់ការតាមផ្លូវច្បាប់ ហើយជោគវាសនារបស់ជនត្រូវចោទ ដែលក្រុមសិស្សសាលា អាយុចាប់ពី ១៦ឆ្នាំ ដល់ ១៨ឆ្នាំ សរុប ៥នាក់នេះ នឹងត្រូវចៅក្រមស៊ើបសួរ សម្រេច​ឃុំខ្លួន ឬមិនឃុំខ្លួន ដាក់ពន្ធនាគារ នៅថ្ងៃស្អែក បន្ទាប់ពីធ្វើការសាកសួរ។

សូមបញ្ជាក់ថា : ក្រុមសិស្សបង្កហិង្សាទាំង ៥នាក់នោះ មានឈ្មោះ

១-អាត សំណាង ហៅ Cherry ភេទប្រុស អាយុ ១៨ឆ្នាំ ( ភេទទី៣ ) ជាអ្នកវាយលើជនរងគ្រោះ​។

២- ហូ ម៉ូលុច្ស ភេទស្រី អាយុ ១៨ឆ្នាំ ជាអ្នកថត​។

៣-យាន រស្មី ភេទស្រី អាយុ ១៦ឆ្នាំ ជាអ្នកវាយលើជនរងគ្រោះ​។

៤-គង់ ស៊ីណា ភេទស្រី អាយុ ១៧ឆ្នាំ ជាអ្នកថត។

និង៥-ឈ្មោះ សំណាង ពិសី ភេទស្រី អាយុ ១៦ឆ្នាំ ជាអ្នកដឹកជនរងគ្រោះ និងជាអ្នកចាក់រុក។

បើតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ បានកំណត់ថា «អំពើហិង្សាដោយចេនា ត្រូវផ្តន្ទាទោស ដាក់​ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យ​ជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល កាលបើអំពើ​ហិង្សា​នេះ បានប្រព្រឹត្តដោយមានការគិតទុកជាមុន ដោយប្រើអាវុធ ឬគំរាមកំហែងនឹងអាវុធ និងដោយមានមនុស្សច្រើននាក់ ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នក​សម​គំនិត»។

សូមរម្លឹកថា កាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ​តាមបណ្តាញសង្គម បានចែកចាយវីដេអូ​ដែលបង្ហាញ​ពីសកម្មភាព​សិស្សសាលាមួយក្រុម បានព្រួតវាយសិស្សស្រីម្នាក់ នៅដីវាល​មួយកន្លែង ក្នុងខណ្ឌកំបូល រាជ​ធានីភ្នំពេញ។

តាមរយៈវីដេអូនោះ សិស្សប្រុសម្នាក់ ជាប្រុសចរិកស្រី និងបក្ខពួក ជាសិស្សស្រីម្នាក់ទៀត បានប្រើ​ប្រាស់​អំពើហិង្សា វាយទាត់ធាក់ ទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់ ខណៈដើម​ចម​នៃរឿងរ៉ាវនេះមិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីនោះទេ។ ​​ប្រុសចរិកស្រី បាននិយាយថា គេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែន ចាក់អង្រែ។

ក្រោយ​បែកធ្លាយ​ខ្លិបវិដេអូនោះ ក្រុមសិស្ស ៤នាក់ បានជិះម៉ូតូរត់​គេចពីភ្នំពេញ ទៅខេត្តព្រះសីហនុ ហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបានទាំងយប់ នៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមរម្លឹកថា ; កន្លងមក ករណី​សិស្សសាលាប្រើហិង្សា វាយលើសិស្សសាលា ហើយថត​វិដេអូ បង្ហោះហ្វេសប៊ុកនេះ បានកើតឡើង​យ៉ាងហោចណាស់ ២ករណីហើយ នៅភ្នំពេញ។ ក្នុងនោះ កាលពី​​រសៀល​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ​មានករណីហិង្សា បង្កឡើងដោយក្រុមសិស្សស្រី ៤នាក់ ព្រួតគ្នា វាយលើសិស្សស្រីម្នាក់​ នៅវិទ្យាល័យ​ផ្សារដើមថ្កូវ ក្នុងរាជធានីភ្នំពេញ​។ បន្ទាប់មកក៏មាន​ការចែកចាយនូវវីដេអូ និងរូបភាពសិស្សស្រីមួយក្រុម នៅ​វិទ្យាល័យបាក់ទូក បានព្រួតគ្នាវាយសិស្សស្រីម្នាក់ទៀត កាលពី​ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ បានគាំទ្រ ចំពោះចំណាត់ការ របស់របស់សមត្ថកិច្ច បានបង្ក្រាប ទាន់ពេលវេលា ដើម្បីទប់ស្កាត់ នូវអំពើដែលប្រព្រឹត្ត ដោយក្មេងទំនើង គ្មានអាណិតអាសូរ ឪពុកម្តាយ អាណាព្យាបាល ដែលខិតខំប្រឹងប្រែងដើម្បីកូន ផ្ទុយទៅវិញ ពួកគេ សេពគប់ ជាមួយ តែក្មេង គ្មានសីលធម៌ ហើយសង្គម ស្អប់ខ្ពើមបំផុត ។ ពួកគេសម នឹងទទួល ទោសទណ្ឌ ដើម្បី ជា ប្រយោជន៍ លុបបំបាត់ និទណ្ឌភាព នៃបទល្មើស ក៏ដូចជា ការពារ យុវជន យុវតី ក្លាយជា ធនធានមនុស្ស ដ៏ល្អ ក្នុងសង្គមជាតិ៕

ដោយ ៖ សិលា 

 


ចែករំលែក៖