ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីម្នាក់បន្ទាប់ពី បើកបររថយន្តបុករះម៉ូតូ៣គ្រឿងបណ្តាលឱ្យរបួសធ្ងន់ស្រាល ០៣នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនជាតិឥណ្ឌូនេស៊ីម្នាក់ត្រូវនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនទៅសួនាំ បន្ទាប់ពីបើកបររថយន្តម៉ាស្តាបុករះម៉ូតូ៣គ្រឿងបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល៣នាក់នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នៅភ្លើងស្តុប ស្ថិតនៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

នគរបាលប្រាប់ថាៈនៅពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍គេឃើញ មានរថយន្តម៉ាស្តាមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BM.5522បើកបរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនលុះដល់ចំណុចកើតហេតុបានបត់ឆ្វេងមិនប្រយ័ត្នជ្រុលទៅបុករះម៉ូតូ៣គ្រឿងដែលមកបញ្ច្រាសទិសគ្នាពីកើតទៅលិចបណ្តាលឱ្យរងរបួសមនុស្ស៣នាក់ក្នុងចំណោមម្នាក់រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះចំណែកម៉ូតូខូចខាតចំនួន៣គ្រឿង។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញមានមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បានចុះពិនិត្យវាស់វែងបានប្រាប់ថាមូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺបង្កដោយរថយន្តម៉ាស្តាបានបើកក្នុងល្បឿនលឿនក្នុងទីប្រជុំជនហើយបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នបានបុករះម៉ូតូចំនួន៣គ្រឿងនិងធ្វើឲ្យមនុស្សរងរបួសធ្ងន់ស្រាល៣នាក់និងខូចខាតម៉ូតូ៣គ្រឿងនិងនាំខ្លួនអ្នកបើកបរម្នាក់ជាជនជាតិឥណ្ឌូនេស៊ីទៅសួរនាំ រីឯម៉ូតូនិងរថយន្តរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីអនុវត្តន៍តាមច្បាប់ចរាចរណ៍ផ្លូវគោក៕

ដោយ ៖ វណ្ណា


ចែករំលែក៖