ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំពិភាក្សាលើលទ្ធផលនៃការចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងថា​ លោក ចៅ សុភៈភិបាល អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និង ពិភាក្សាលើលទ្ធផលនៃការចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក សឿម ប៊ុនរិទ្ឋិ អភិបាលស្តីទីខេត្ត បាត់ដំបង និងលោក ហ៊ែល តូនី អនុប្រធានក្តាប់រួមនៃអាជ្ញាធរទន្លេសាប ដោយមានការចូលរួមពីថ្នាក់ ដឹកនាំ និងមន្រ្តីក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរទន្លេសាប (អទស) ថ្នាក់ដឹកនាំនិងមន្រ្តីក្រុមការងារ បច្ចេកទេសតំណាងក្រសួងស្ថាប័នថ្នាក់ជាតិរួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួង អភិវឌ្ឍន៍ជនបទ ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីបច្ចេកទេសសាលាខេត្តបាត់ដំបង មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដីរដ្ឋបាលថ្នាក់មូលដ្ឋានពាក់ព័ន្ធនៃស្រុក/ឃុំ/ភូមិពាក់ព័ន្ធក្នុងខេត្តបាត់ដំបងផងដែរ។ 

កិច្ចប្រជុំនេះសហការរៀបចំដោយអាជ្ញាធរទន្លេសាប (អទស) និងរដ្ឋបាលខេត្តបាត់ដំបងក្នុងគោលបំណង ១) បង្ហាញលទ្ធផលសិក្សាស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប ២) ពិភាក្សាលើបញ្ហា ពាក់ព័ន្ធ (តំបន់១ តំបន់២ និងតំបន់៣) រួមជាមួយការផ្តល់មតិយោបល់និងអនុសាសន៍កែលម្អ ៣) ចែករំលែកនិងផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ តំបន់១ តំបន់២ និងតំបន់៣ ក្នុងខេត្តបាត់ដំបង និង ៤) ជាពិសេស ចូលរួមលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋភិបាលក្នុងអណត្តិទី៧ នៃរដ្ឋសភាជាតិ។ 

 សូមបញ្ជាក់ថា៖ នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលបានសម្រេចឱ្យពិនិត្យលើស្ថានភាពនៃការកាន់កាប់ ប្រើ ប្រាស់ និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការកាត់ឆ្វៀលដី និងកែសម្រួលព្រំប្រទល់តំបន់៣ ព្រំប្រទល់តំបន់២ ព្រំប្រទល់តំបន់១ និងកំណត់ទុកជាតំបន់២ ជូនប្រជាពលរដ្ឋកាន់កាប់ អាស្រ័យផល ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តទាំង៦ ជុំវិញបឹងទន្លេសាប (ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប)៕

ដោយ​៖ តារា


ចែករំលែក៖