ព័ត៌មានទាន់ហេតុការណ៍៖

ទំនិញដែលបង្កហានិភ័យដល់សុខភាពបងប្អូនប្រជាពលរដ្ឋ ត្រូវបានមន្រ្តីជំនាញ ក.ប.ប.​ ដកហូត និងធ្វើការផ្សព្វផ្សាយបន្ថែមដល់អាជីវករ

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា​ មន្រ្តីជំនាញផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប. ដែលប្រចាំតាមបណ្ដាសាខា​ រាជធានី-ខេត្ត​ បានយកចិត្តទុកដាក់ចុះត្រួតពិនិត្យទំនិញដែលកំពុងនឹងចរាចរលក់នៅលើទីផ្សារ ដែលក្នុងនោះមានទំនិញខ្លះត្រូវបានធុរជនខិលខូចមួយចំនួនបានបន្លំ ដោយលក់នូវទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដាក់នៅសារធាតុគីមីហាមឃាត់ គ្មានអនាម័យត្រឹមត្រូវ កេងចំនេញគ្រប់បែបយ៉ាងពីអ្នកប្រើប្រាស់ និងធ្ងន់ធ្ងរជាងនេះនោះគឺប៉ះពាល់សុខភាពតែម្ដង។ 

សកម្មភាពនៃការត្រួតពិនិត្យនេះមន្រ្តីជំនាញ​ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤​ម្សិលមិញនេះ​ បានបង្ហាញលទ្ធផលថា បានរកឃើញទំនិញខុសច្បាប់ ពោលគឺខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន ព្រមទាំងដកហូតកម្ទេចចោល និងធ្វើការអប់រំបន្ថែមជូនអាជីវករឱ្យបានយល់ដឹងពីសុខសុវត្ថិភាពម្ហូបអាហារផងដែរ។

ជាមួយគ្នានេះ​ នៅថ្ងៃដដែល​នេះ​ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូចំនួន ២៩០នាក់ ស្ថិតនៅ អនុវិទ្យាល័យផ្សារត្រាច ស្រុកសាមគ្គីមានជ័យ ត្រូវបានទទួលការបណ្ដុះបណ្ដាលបន្ថែមលើចំណេះដឹងផ្នែក «សុវត្ថិភាពម្ហូបអាហារ» ពីមន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តកំពង់ឆ្នាំង។ 

វគ្គបណ្ដុះបណ្ដាលនេះគឺជួយឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូបានស្វែងយល់បន្ថែមនូវពុទ្ធិផ្នែកច្បាប់ ការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាពសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារ ការទុកដាក់អាហារឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងការទទួលទានអាហារឱ្យបានត្រឹមត្រូវជៀសវាងការពុលអាហារដោយឥតព្រៀងទុក។ 

បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលត្រូវបាបញ្ចប់ មន្រ្តីជំនាញ ក៏បានបិទស្លាកណែនាំស្ដីពីសុវត្ថិភាពម្ហូបអាហារជាច្រើនផ្ទាំងជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូដើម្បីជាឯកសារទានមួយសម្រាប់សិស្សាបន្ថែម និងក្រើនរំលឹកដល់ពួកគាត់ផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖