ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារ នៃក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំង ក្នុងខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ក្រុមការងារនៃនាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម  រួមសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានចុះពិនិត្យមើលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងនៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ 

ក្រុមការងារបានឱ្យដឹងថា ផ្ទៃដីស្រូវប្រាំងប្រជាពលរដ្ឋប្រមាណជាង ៧០០ហិកតា កំពុងបន្តធ្វើការសង្រ្គោះ ដែលជំហានដំបូងនៃការអន្តរាគមន៍មន្ទីរបានយកគ្រឿងចក្រចំនួន ២គ្រឿង កាយស្តារប្រឡាយដើម្បីនាំទឹក ខណៈនាយកដ្ឋានធារាសាស្ត្រកសិកម្មនឹងបញ្ជូនម៉ាស៊ីនបូមទឹក ៨គ្រឿងបូមទឹកជូនប្រជាពលរដ្ឋដើម្បីបម្រើការងារស្រោចស្រព។

សូមជម្រាបថា កន្លងមកស្រូវប្រាំងក្នុងតំបន់នេះធ្លាប់បានទទួលទឹកពីស្ទឹងជ្រៃបាក់ តែបច្ចុប្បន្នប្រភពទឹកពីស្ទឹងជ្រៃបាក់មិនបានយកមកផ្គត់ផ្គង់នៅតំបន់នេះទេ ដោយសារតែផ្នែកខាងលើនេះរាល់ឆ្នាំមិនដែលធ្វើស្រូវប្រាំងលើផ្ទៃដីស្រូវវស្សាទេ ទើបតែឆ្នាំនេះមានការធ្វើស្រូវប្រាំងលើផ្ទៃដីស្រូវវស្សា។ 

ក្រុមការងារបញ្ជាក់ថា ស្រូវនៅតំបន់នេះពុំមានបញ្ហាខ្វះទឹកទេ ដោយសារមានប្រភពទឹកមួយកន្លែងទៀតពីបឹងធំដែលអាចធានាបានរហូតដល់ពេលប្រមូលផល៕

ដោយ ៖ សិលា


ចែករំលែក៖