ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់អោយដឹងថា ៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាដែលសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF) កំពុងដំណើរការជួសជុលរចនាសម្ព័ន្ធមួយចំនួនរបស់ព្រលានជល់ដំរីដែលរងការខូចខាតឱ្យប្រសើរឡើងវិញ។
អ្នកគ្រប់គ្រងគម្រោងមូលនិធិបេតិកភណ្ឌកូរ៉េ លោក PARK JIMIN មានប្រសាសន៍ថា ការជួសជុលព្រលានជល់ដំរីកំពុងធ្វើនៅទីតាំងចំនួន២ផ្សេងគ្នា គឺមួយស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងមួយទៀតនៅផ្នែកខាងត្បូងប្រវែង១៥ម៉ែត្រ។ ក្នុងដំណើរការជួសជុលក្រុមអ្នកបច្ចេកទេសផ្តោតការអនុវត្តលើការងារសំខាន់ៗមួយចំនួនដូចជា ពង្រឹងគ្រឹះ ពង្រឹងរចនាសម្ព័ន្ធពាក់ព័ន្ធផ្នែកខាងក្នុង និងខាងក្រោម ព្រមទាំងរៀបផ្គុំជញ្ជាំងនៃខឿនដែលទ្រេត និងថ្មពុកផុយឱ្យល្អឡើងវិញទៅតាមទម្រង់ដើម។
លោក PARK JIMIN បានឱ្យដឹងទៀតថា តាមការរកឃើញនៅទីតាំងទាំងពីរនេះ មានសភាពប្រហាក់ប្រហែលគ្នា គឺផ្ទៃជញ្ជាំងបានទ្រេតខ្លាំង អាចនឹងរលំ ព្រមទាំងថ្មបាយក្រៀមនិងថ្មភក់ខ្លះបានពុកផុយបណ្ដាលមកពីអាយុកាលនិងទឹកភ្លៀងហូរច្រោះខាងក្រោមធ្វើឱ្យគ្រឹះខាងក្រោមបាត់បង់លំនឹង។
លោក ព្រំ ទិត្យឆពណ្ណរិទ្ធ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា មូលហេតុសំខាន់ៗមួយចំនួនដែលធ្វើឱ្យគ្រឹះជញ្ជាំងស្រុតនិងទ្រេតខ្លាំង ដោយសារតែគ្រឹះខាងក្រោមមានកន្លែងខ្លះស្រុតបណ្ដាលមកពីឬសឈើដុះចាក់ចូលទៅក្នុងរចនាសម្ព័ន្ធធ្វើឱ្យថ្មមួយចំនួនរំកិលចេញពីទីតាំងដើមបង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម ជាហេតុធ្វើឱ្យទឹកហូរច្រោះចូលទៅតាមប្រហោងថ្មនាំល្បាយដីខ្សាច់ចេញមកក្រៅជាដើម។
ជាច្រើនខែមកនេះ ក្រុមអ្នកជំនាញបានរើថ្មកម្រាលនិងជញ្ជាំងខឿនមួយផ្នែកដែលក្រៀកចេញ ដើម្បីពិនិត្យមើលស្ថានភាពជញ្ជាំងថ្មបាយក្រៀម និងរៀបថ្មភក់ ថ្មបាយក្រៀមទាំងនោះទៅតាមកន្លែងដើមឡើងវិញ ហើយចំពោះកន្លែងខ្លះដែលថ្មខូចគឺព្យាយាមជួសជុល ប៉ុន្តែបើនៅតែមិនអាចជួសជុលបានទេ គឺត្រូវដាក់ថ្មថ្មីតិចតួចដើម្បីជំនួស៕
ដោយ ៖ សិលា