ខេត្តបន្ទាយមានជ័យ៖ ឱ ឃាតក ដងផ្លូវឆក់ជីវីតមនុស្សរាល់ថ្ងៃ , ស្ត្រីជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភីអិលសុីម្នាក់ត្រឡប់ពីផ្ទះទៅធ្វើការនៅក្រុងប៉ោយប៉ែតត្រូវរថយន្តធុនធំដឹកខ្សាច់បុកកិនស្លាប់នៅព្រឹកព្រលឹមអុរថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤តាមបណ្តោយជាតិលេខ៥ស្ថិតភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានអោយដឹងថា ៖ ស្ត្រីរងគ្រោះដែលស្លាប់ឈ្មោះ វែង សាវ៉ៃ អាយុជាង២០ឆ្នាំ(ជាបុគ្គលិកផ្នែកប្រមូលឥណទានក្រុងប៉ោយប៉ែត)រស់នៅភូមិគៀប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
អ្នកឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍គឺស្ត្រីរងគ្រោះបានជិះម៉ូតូហុងដាឌ្រីមពាក់ផ្លាក លេខបន្ទាយមានជ័យ1L.1503បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅពីកើតទៅលិច ត្រូវបានរថយន្តធុនធំដឹកខ្សាច់ដែលមិនស្គាល់អត្តសញ្ញាណបានបុក ហើយកិនធ្លាយពោះស្លាប់ ហើយរថយន្តបង្កបើកបន្តទៅមុខគេចខ្លួនបាត់។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅបានចុះទៅពិនិត្យនិងវាស់វែងបានប្រាប់ថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺស្ត្រីរងគ្រោះបានជិះម៉ូតូពីផ្ទះនៅក្រុងសិរីសោភ័ណ ទៅធ្វើការក្រុងប៉ោយប៉ែតពេលធ្វើដំណើរតាមផ្លូវជិះម៉ូតូឡើងវ៉ារថយន្តទាក់ដៃចង្កូតដួលរថយន្តកិនស្លាប់ ក្រោយវាស់វែងហើយរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅ ដឹកសាកសពជនរងគ្រោះទៅប្រគល់ជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយរថយន្តធុនធំដឹកខ្សាច់ដែលមិនស្គាល់អត្តសញ្ញាណបានបុកហើយបើកបន្តទៅមុខគេចបាត់ កម្លាំងជំនាញកំពុងស្រាវជ្រាវនិងរកចាប់ដើម្បីអនុវត្តតាមច្បាប់ហើយម៉ូតូជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅជាបណ្តោះអាសន្ន ៕
ដោយ ៖ សិលា