ទីក្រុងប៉ារីស៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៥ មករា ២០២៤ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង បានជួបជាមួយ លោក Geoffrey LADET នាយកប្រតិបត្តិក្រុមហ៊ុន PuyDuFou ប្រចាំទ្វីបអាស៊ី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្រុមហ៊ុន PuyDuFou ជាក្រុមហ៊ុនវិនិយោគទៅលើឧទ្យានកម្សាន្ត និងកំពុងបណ្តាក់ទុននៅកម្ពុជា ក្រោមកិច្ចសហការ ភាពជាដៃគូរវាងក្រុមហ៊ុនបារាំង ICONEM និងក្រុមហ៊ុន Confluences របស់កម្ពុជា បាននិងកំពុងបង្កើតគម្រោង “Immersive Angkor” ដែលជាសារមន្ទីរនិម្មិតដំបូងគេបង្អស់នៅកម្ពុជា ដែលមានទីតាំងក្នុងខេត្តសៀមរាប។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានជួបជាមួយ លោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។
Orange Group ជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ និងផ្គត់ផ្គង់សេវាឌីជីថលឈានមុខ របស់បារាំង និងលើពិភពលោក ដែលមានអតិថិជនចំនួន ២៦៦លាននាក់ ទូទាំងពិភពលោក និងមានបុគ្គលិកចំនួន ១៣៦ ០០០នាក់ ដោយប្រតិបត្តិការ នៅក្នុងប្រទេសចំនួន២៦ ក្នុងតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិក។
ក្រុមហ៊ុន បានធ្វើការជាមួយប្រតិបត្តិករកម្ពុជាទាំងអស់លើសេវាអន្តរជាតិ (International Service) និងភាពជាដៃគូអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ ក្រុមហ៊ុន មានកិច្ចសហការជាមួយក្រុមហ៊ុន Royal Group ជាពិសេសក្រុមហ៊ុន CAMGSM (Cellcard) ក្នុងការតភ្ជាប់ជាសំឡេងអន្តរជាតិ SMS, Roaming និង Internet តាមរយៈការផ្តល់សេវាអន្តរជាតិទ្វេភាគី៕
ដោយ៖ តារា