ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប៊ែលធីនិទ្ទេស A ១១៩រូប ចែករំលែកបទពិសោធន៍ដល់សិស្សថ្នាក់ទី១២ប្រមាណ ៣,៥០០នាក់ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីសំណេះសំណាល និងចែករំលែក បទពិសោធន៍សិក្សារបស់សិស្សប៊ែលធី និទ្ទេស A ចំនួន ១១៩រូប ជូនសិស្សថ្នា ក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដោយមានការចូលរួមផ្ទាល់ និងផ្សាយផ្ទាល់ (Video Conference) ទៅសិស្សគ្រប់សាខា សរុប ប្រមាណ ៣,៥០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅបានឱ្យដឹងថា បច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិ មាន ២៩សាខា ក្នុងនោះ ២៦សាខាកំពុងដំណើរការ និង ៣សាខាកំពុងសាងសង់ ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៤៤៦នាក់ (នារី ១,០០៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សាសរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់)។

គិតត្រឹមឆ្នាំសិក្សា២០២២-២០២៣ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី ១២ ដែលបានប្រឡងបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៨,៩៣៥នាក់ (ដប់ប្រាំបីពាន់ ប្រាំបួនរយសាមសិបប្រាំនាក់) ក្នុងនោះ ជាប់ ១៦,៥១២នាក់ (ដប់ប្រាំមួយពាន់ ប្រាំរយដប់ពីរនាក់) ស្មើនឹង ៨៧.២០% និងមានសិស្សនិទ្ទេស A ចំនួន ៣៩៧នាក់ សិស្សពូកែទូទាំងរាជធានី ចំនួន ១១៦នាក់ និងទូទាំងប្រទេស ចំនួន ៣១នាក់។ ចំពោះសិស្សដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងទទួលបានសញ្ញាបត្រចំនួនពីរ៖ ១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២-ចេញ ដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយ របស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក  (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។

ក្នុងពិធីនេះដែរ សិស្សនិទ្ទេស A ចំនួន ៥រូប តំណាងសិស្សនិទ្ទេស A ទាំង ១១៩រូប បានចែករំលែកបទពិសោធន៍ ជោគជ័យដែលមានកត្តារួមផ្សំសំខាន់ៗ៤ គឺ ១-កត្តាខ្លួនឯង៖ ត្រូវខិតខំសិក្សារៀនសូត្រនិងមានគោលដៅ, ២-កត្តាគ្រួសារ៖ មាតាបិតាផ្តល់ឱកាសសិក្សានិងជំរុញលើកទឹកចិត្តបុត្រធីតា, ៣-កត្តាសាលា៖ មានកម្មវិធីសិក្សាល្អៗ កម្មវិធីសិក្សាបន្ថែម ទាំង១២ គ្រូមានសមត្ថភាព បទពិសោធន៍ និងគរុកោសល្យ ព្រមទាំងមាន BELTEI App ជាជំនួយស្មារតីក្នុងការសិក្សា និង ៤-កត្តាសង្គម៖ ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការ ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ដែលធ្វើឱ្យសិស្សមានឱកាសបានរៀនសូត្រ ខ្ជាប់ខ្ជួនទៅតាមកម្មវិធីសិក្សារបស់ក្រសួង និងសាលាបានដាក់ចុះ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ឆេង បានកោតសរសើរចំពោះសិស្សនិទ្ទេស A និងសិស្សជ័យលាភីទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ស្តាប់គ្រូពន្យល់ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យនាពេលនេះ។ ជាពិសេសបានចែករំលែកបទ ពិសោធន៍ជោគជ័យរបស់ខ្លួន ជូនដល់សិស្សប្អូនជំនាន់ក្រោយ ដើម្បីជាទុនសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិនាពេលខាងមុខ។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ គោរពវិន័យសាលា និងសហការយ៉ាងជិតស្និត ជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងគោរពដឹងគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង ឥស្សរជនជាថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត ដែលបានតស៊ូ លះបង់ និងហ៊ានពាលីជីវិត ដើម្បីស្វែងរកសុខសន្តិភាព ជូនប្រទេសជាតិ និងប្រជាជន និងបានខិតខំកសាង អភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនថ្កុំថ្កើងលើគ្រប់វិស័យ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានប្រគល់លិខិតសរសើរនិងប្រាក់រង្វាន់ជូនសិស្សនិទ្ទេស A ទាំង ១១៩រូប នាយកសាខា និងលោកគ្រូ-អ្នកគ្រូថ្នាក់ទី១២ ដែលមានស្នាដៃបង្រៀនសិស្សទទួលបាននិទ្ទេស A ចំនួន ១១៤រូប ផងដែរ៕

ដោយ៖ ជីណា


ចែករំលែក៖