ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យខុទ្ទកាល័យសម្ដេចធិបតី បង្ហាញលទ្ធផលជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកឧត្ដមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ដ្រីក្រសួងនគរបាលរៀតណាម

ចែករំលែក៖

ភ្នំពេញ៖ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យខុទ្ទកាល័យសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤​ ស្ដីពី លទ្ធផលជំនួបរវាងសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកឧត្ដមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ដ្រីក្រសួងនគរបាលរៀតណាម។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ បានបញ្ជាក់ថា​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ជាកិច្ចចាប់ផ្តើម សម្តេចធិបតី បានស្វាគមន៍ចំពោះលោកឧត្តមសេនីយ៍ឯក តូ ឡឹម និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងសេចក្តីសោមនស្សរីករាយចំពោះ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។ សម្តេចធិបតី ក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខរបស់សម្តេចធិបតី ជូនចំពោះ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសនៃជំនួប លោករដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ និងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមជូន ចំពោះ សម្តេចធិបតី និងក្រុមគ្រួសារ។ លោករដ្ឋមន្ត្រី ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី កម្ពុជានឹងសម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់បន្ថែមទៀត នាពេលអនាគត។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ភាគីវៀតណាមនៅក្នុងការបន្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឱ្យកាន់តែរស់រវើកបន្ថែមទៀត ជាពិសេសលើ ផ្នែកនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាពហុភាគី។ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខជាតិ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿង ញៀន ការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថលរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា តាមរយៈការចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍លើ វិស័យឌីជីថលនេះ ដោយសារវៀតណាមបាន និងកំពុងមានកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថលនេះ ជាមួយនឹង សិង្ហបុរី និងម៉ាឡេស៊ីផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ និងចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និង ក្រសួងនគរបាលវៀតណាម ជាពិសេសលើកិច្ចប្រតិបត្តិការក្នុងការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសផ្សេងៗទៀតផងដែរ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានស្វាគមន៍ ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ដែលភាគីវៀតណាមនឹងចែករំលែកនូវបទពិសោធន៍នេះ ជាមួយនឹងក្រសួងមហាផ្ទៃកម្ពុជាផងដែរ។

មុននឹងបញ្ចប់ សម្តេចធិបតី និងលោករដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះការបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការក្នុងការកសាងធនធានមនុស្សតាមរយៈការបណ្តុះបណ្តាល និងការផ្លាស់ប្តូរសិក្ខាកាម នៃប្រទេស ទាំងពីរលើវិស័យសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណ:។

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរ លោកឧត្តមសេនីយ៍ឯក តូ ឡឹម និងគណៈប្រតិភូ ឱ្យទទួលបាន ជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕

ដោយ​៖ តារា​


ចែករំលែក៖