ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានហើយ ឪពុកញៀនថ្នាំហើយយកទុយោទឹកនិងមែកក្រូច​វាយ​កូនអាយុ៩ឆ្នាំ​ របួសធ្ងន់ថែមទាំងគំរាមសម្លាប់​

ចែករំលែក៖

ខេត្តតាកែវ៖ នគរបាលស្រុកត្រាំកក់បានចាប់ខ្លួនឪពុកញៀនថ្នាំម្នាក់​ ដែលប្រេីអំពេីហិង្សាព្រៃផ្សៃ ដោយយកទុយោទឹក,មែកក្រូច​ មានបន្លាវាយ​ និងគំរាម​សម្លាប់កូនប្រុសបង្កេីតអាយុ៩ឆ្នាំ​ បណ្តាលឲ្យរបួសធ្ងន់ នៅភូមិតាសោម​ ឃុំសំរោង​ ស្រុកត្រាំកក់​ កាលពីថ្ងៃទី២៨​ ខែ មករា​ ឆ្នាំ២០២៤។​

តាមបាយការណ៍នគរបាលស្រុកត្រាំកក់​ បានឲ្យដឹងថា​ ករណីហិង្សាដោយចេតនា(ហិង្សាក្នុងគ្រួសារ)​ បានកេីតកាលពីថ្ងៃទី២៨ខែមករាឆ្នាំ ២០២៤វេលាម៉ោង១១​ បង្ក ឡើងដោយជនសង្ស័យឈ្មោះគុន វីរៈ ភេទប្រុស អាយុ ៣៦ ឆ្នាំនៅភូមិតាសោម ឃុំសំរោង​ ស្រុកត្រាំកក់​ ខេត្ត តាកែវ​ ដោយប្រេីទុយយោបូមទឹកនិងរំពាត់មែកក្រូចបានធ្វើសកម្មភាពវាយទៅលើកូនបង្កើតរបស់ខ្លួន ភេទប្រុសអាយុ ៩ឆ្នាំបណ្ដាលឲ្យត្រូវខ្នង ពីក្រោយរងរបួសជាទម្ងន់និងគំរាមរកសម្លាប់កូនចោលថែមទៀត​ ។ ប៉ុន្តែ​ ត្រូវបានបងប្អូនជួយចាប់ចេញទាន់។

​របាយការណ៍បានបន្ថែមថា​  បុរសជាឪពុកដោយសារខឹងហៅកូនមិនឆ្លើយ​ ហើយជនសង្ស័យជាមនុស្សប្រើ ប្រាស់សារធាតុញៀនទៀតផង។

ក្រោយពេលទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះគុណចណ្ណា ភេទស្រីអាយុ ៤២ឆ្នាំ ដែលត្រូវជាអ៊ំបង្កើតរបស់កុមារា រងគ្រោះនិងដោយមានបទបញ្ជា ពីលោកឧត្តម សេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវផងនោះ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដែលដឹកនាំបញ្ជាដោយលោកវីយ៍ឯកលោកឌុក ធីយ៉ាអធិការនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់សហការជាមួយនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង,ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងធំខាងត្បូងនិងប៉ុស្តិ៍នគរបាលរដ្ឋបាលអូសារាយបាន ចុះស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះគុន វិរៈ បាននៅចំណុចជើងភ្នំដំរីរមៀលស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ឃុំអូរសារាយនាថ្ងៃទី ២៩ខែមករាឆ្នាំ ២០២៤ វេលាម៉ោង៧យប់។

មកដល់ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖