ខេត្តព្រះសីហនុ ៖ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ – Special Programme to Promote Investment in Preah Sihanouk Province 2024» នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាឱ្យបិទទីតាំងក្លឹបបាញ់កាំភ្លើងឯកជនទាំង២កន្លែង នៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ។
ចំណែកទីតាំងកងទ័ពដែលមានទីលានបាញ់កាំភ្លើង ក៏មិនត្រូវអនុញ្ញាតធ្វើអាជីវកម្មបាញ់កាំភ្លើងឯកជននោះដែរ ពោលគឺទុកសម្រាប់តែទាហាន និងអាវុធហត្ថហ្វឹកហ្វឺនបានហើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី បានសម្រេចឱ្យរៀបចំចេញអនុក្រឹត្យមួយ ឱ្យបញ្ឈប់ការផ្ដល់អាជ្ញាបណ្ណថ្មី ចំពោះទីកន្លែងបាញ់កាំភ្លើងឯកជន ឬទីកន្លែងបាញ់ស៊ីបនេះតែម្ដង។
ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា អ្នកទេសចរដែលមកទស្សនាខេត្តព្រះសីហនុ មិនចាំបាច់មករៀនបាញ់កាំភ្លើងនោះទេ ពោលគឺពួកគាត់ធ្វើដំណើរទៅទស្សនានៅតាមបណ្តាកោះនានា និងនៅតាមឆ្នេរសមុទ្រ នោះវាជាការប្រសើរជាង ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ សម្ដេចនឹងដឹកនាំផ្ទាល់ ដើម្បីធ្វើយុទ្ធនាការជ្រុងសន្ដិសុខមួយនៅខេត្តព្រះសីហនុ។
សម្តេចធិបតី បញ្ជាក់ថា កម្ពុជាកសាងជិត២០ ដើម្បីបង្ហាញថា កម្ពុជាមានសន្ដិភាព ស្ថិរភាព ឱ្យទេសចរមកទស្សនអង្គរវត្ត ទស្សនាកម្ពុជា ប៉ុន្ដែបច្ចុប្បន្ន មានព័ត៌មានអាក្រក់ពាក់ព័ន្ធនឹងសន្ដិសុខ តែពីរឬបី បានធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា អំពាវនាវដល់វិស័យឯក ធ្វើការសិក្សា និងពិនិត្យលទ្ធភាពវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីទទួលបានការផ្ដល់ជូនពិសេសពីរាជរដ្ឋាភិបាល បន្ទាប់ពីបានដាក់ចេញនូវ«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤នេះ៕
ដោយ ៖ សិលា